ម៉ូស្គូ៖ គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី បានបញ្ជាក់ពី ការស្លាប់របស់ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner គឺលោក Yevgeny Prigozhin ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះនៅតំបន់ Tver ក្បែរទីក្រុងមូស្គូ។
គណៈកម្មាធិការបានបន្ថែមថា អត្តសញ្ញាណមនុស្សទាំង ១០ នាក់ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះត្រូវគ្នានឹងការបង្ហាញពីការហោះហើរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គណៈកម្មាធិការបានសរសេរនៅលើ Telegram ឲ្យដឹងថា “ជាផ្នែកមួយនៃការស៊ើបអង្កេតលើការធ្លាក់យន្តហោះនៅក្នុងតំបន់ Tver ការពិនិត្យហ្សែនម៉ូលេគុលត្រូវបានបញ្ចប់។ ដោយផ្អែកលើលទ្ធផល អត្តសញ្ញាណជនរងគ្រោះទាំង 10 នាក់ត្រូវបានបង្កើតឡើង ពួកគេត្រូវគ្នាទៅនឹងបញ្ជី ដែលមានចែងនៅក្នុងការបង្ហាញនៃការហោះហើរ”។ ។
យន្តហោះឯកជន Embraer ដែលកំពុងធ្វើដំណើរពីទីក្រុងមូស្គូ ទៅកាន់ទីក្រុង St. Petersburg បានធ្លាក់នៅតំបន់ Tver កាលពីថ្ងៃពុធសប្តាហ៍មុន ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ នេះបើយោងតាមក្រសួងស្ថានការណ៍គ្រាអាសន្នរបស់ប្រទេសរុស្ស៊ី។
យោងតាមបញ្ជីឈ្មោះ ដែលចេញផ្សាយដោយទីភ្នាក់ងារសហព័ន្ធ សម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់រុស្ស៊ី មេដឹកនាំក្រុមហ៊ុនយោធាឯកជន Wagner Group Prigozhin ស្ថិតក្នុងចំណោមជនរងគ្រោះទាំង ១០នាក់៕ ប្រែសម្រួល ឈូក បូរ៉ា