កីឡា

លោក ប៊ូ ជុំសេរី អំនាវពាវ ដល់អាជ្ញាកណ្តាល និងចៅក្រម របស់សហព័ន្ធកីឡាជាតិទាំង ១២ ត្រូវប្រកាន់ភ្ជាប់ ភាពមិនលម្អៀង ចំពោះការកាត់ក្តី លើទីលានប្រកួត

រូបភាព ហ្វីលីព

ភ្នំពេញ ៖ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន តំណាងឲ្យលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងព្រឹត្តិការណ៍កីឡា រួមទាំងគណៈកម្មការប្រកួត និងអ្នកតំណាង សហព័ន្ធកីឡាជាតិទាំង ១២ ចូលរួមកិច្ចប្រជុំបច្ចេកទេស ត្រៀមការប្រកួតកីឡាសិស្ស មធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក ហួត សេងទ្រី បាននិយាយថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ ២០២៣ មាន ១២ ប្រភេទកីឡារួមមានបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៉េតង់ ហែលទឹក ការ៉ាតេ និងគុនល្បុក្កតោ មានវិញ្ញាសាសរុប ១០៥ ដើម្បីឲ្យកីឡាករ-កីឡាការិនីនៅតាមរាជធានី ខេត្តបានបញ្ចេញសមត្ថភាពដោយមានប្រតិភូ អ្នកថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៣២៥៧ នាក់ ។

លោកបានបន្តថា ចំពោះទីលានគណៈកម្មការជ្រើសរើសទីតាំងចំនួន ៩ គឺ ពហុកីឡដ្ឋានជាតិ ស្តាតចាស់ វិទ្យាស្ថានអប់រំកាយ និងកីឡា វិទ្យាល័យ ជា ស៊ីម បឹងកេងកង វិទ្យាល័យ បឹងត្របែក វិទ្យាល័យ ជ្រោយចង្វារ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ។
ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ មានគោលបំណងគឺបំផុសសកម្មភាពអប់រំកាយ និងកីឡា ក្នុងគ្រឹះស្ថានសិក្សា នៅតាមរាជធានី ខេត្ត ។ ជួយឲ្យសិស្សានុសិស្សមានសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្តើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា។

លោក លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា លោកបានអំនាវពាវ ដល់អាជ្ញាកណ្តាល និងចៅក្រមរបស់សហព័ន្ធកីឡាជាតិទាំង ១២ ត្រូវប្រកាន់ភ្ជាប់ភាព មិនលម្អៀង ចំពោះការកាត់ក្តីលើ ទីលានប្រកួត និងការកំណត់លទ្ធផលទុក ដែលធ្វើឲ្យប៉ះពាល់ អារម្មណ៍កីឡាករ-កីឡាការិនី វ័យក្មេងរបស់យើង។
លោកសូមវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់អង្គភាពជំនាញ និងគណៈកម្មការជំនាញក្នុងការរៀបចំការប្រកួតនេះ គឺជាការរួមចំណែក ដ៏សំខាន់ក្នុងការអភិឌ្ឍវិស័យ កីឡានៅកម្ពុជា និងលើកទឹកចិត្ត ដល់អ្នកលេងកីឡា និងអ្នក ដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើស បានជាកីឡាករ-កីឡាការិនី ថ្នាលល្អៗ ចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ ត្រៀមលក្ខណៈចូលរួមការ ប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា និងបង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុង សង្គមជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងអំពើអបាយមុខផ្សេង ៕

Most Popular

To Top