ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា បេសកកម្មចុងក្រោយបំផុតនៅក្នុងកម្មវិធីអវកាសដ៏មហិច្ឆតារបស់ប្រទេសឥណ្ឌា បានធ្វើឡើងនៅថ្ងៃសៅរ៍នេះ នៅក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ចំណុចកណ្តាលនៃប្រព័ន្ធព្រះអាទិត្យ ដែលមានរយៈពេល១សប្តាហ៍បន្ទាប់ពីការចុះចតដោយជោគជ័យនៅលើភពព្រះចន្ទ្រ ។
យានអវកាស Aditya-L1 បានបើកដំណើរការភ្លាមៗនៅមុនថ្ងៃត្រង់ជាមួយ នឹងការផ្សាយបន្តផ្ទាល់ដែលបង្ហាញ ពីអ្នកទស្សនារាប់រយនាក់បានស្រែកហ៊ោយ៉ាងកញ្ជ្រៀវប្រជែងនឹងសំឡេងដ៏រំពង នៃការបង្ហោះឡើងរបស់គ្រាប់រ៉ុក្កែត ។
លោក Narendra Modi នាយករដ្ឋមន្ត្រី បានថ្លែងនៅលើបណ្តាញ X ដែលពីមុនគេស្គាល់ថា ជាបណ្តាញសង្គម Twitter ថា “សូមអបអរសាទរដល់អ្នកវិទ្យាសាស្ត្រ និងវិស្វកររបស់យើង” ។
លោកបានបញ្ជាក់ថា “កិច្ចខិតខំប្រឹងប្រែងផ្នែកវិទ្យាសាស្ត្រដែលមិនចេះនឿយហត់ របស់យើងនឹងបន្តដើម្បីអភិវឌ្ឍ ការយល់ដឹងកាន់តែប្រសើរឡើងថែមទៀតអំពីសកលលោក” ។
បេសកកម្មនេះកំពុងដឹកឧបករណ៍វិទ្យាសាស្ត្រ ដើម្បីសង្កេតមើលស្រទាប់ខាងក្រៅបំផុតរបស់ព្រះអាទិត្យក្នុងដំណើររយៈពេល៤ខែ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា