រថក្រោះទីមួយក្នុងពិភពលោក មានឈ្មោះថា «Little Willie» ត្រូវបានបញ្ចេញនៅខែកញ្ញា ឆ្នាំ១៩១៥ ក្នុងអំឡុងសង្គ្រាមលោកលើកទី១។
គំនិតនៃការផលិតរថក្រោះនេះ គឺនៅក្នុងឆ្នាំ១៩១៤ នៅពេលដែលឧត្តមសេនីយ៍អង់គ្លេសលោក Ernest Swinton និងលេខាធិការទទួលបន្ទុកគណៈកម្មាធិការការពារជាតិអង់គ្លេស លោក William Hankey បានគិតថា គួរតែមានការផលិតនូវយានយន្តបំពាក់អាវុធមួយដែលកង់របស់វាព័ទ្ធជុំវិញដោយដែក ក្នុងការទម្លុះខ្សែការពាររបស់សត្រូវ និងអាចធ្វើដំណើរឆ្លងកាត់តំបន់ភូមិសាស្រ្តដែលពិបាកៗខ្លាំង។
គំនិតរបស់អ្នកទាំងពីរខាងលើ ត្រូវបានរដ្ឋមន្រ្តីទ័ពជើងទឹកអង់គ្លេស លោក Winston Churchill ទទួលយក ហើយចាប់ផ្តើមបង្កើតគណៈកម្មាធិការដើម្បីជំរុញការផលិត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ពេលផលិតរថក្រោះនេះ គឺអង់គ្លេសបានរក្សាការសម្ងាត់ពិសេសមិនឱ្យសត្រូវដឹងជាដាច់ខាត ពោលគឺសូម្បីតែកម្មករដែលផលិតរថក្រោះនេះ ក៏មិនដឹងផង ដោយពួកគេត្រូវបានកុហកថា សង់យានយន្តសម្រាប់ដឹកទឹក (Tank) នៅសមរភូមិតែប៉ុណ្ណោះ ។ ដូច្នេះចាប់ពីពេលនោះមក ពាក្យថា Tank ដែលបកប្រែថា «ធុងទឹក» នោះ គឺក៏ត្រូវបានប្រើប្រាស់ជាប់មករហូតសម្រាប់បកប្រែថា «រថក្រោះ» ផងដែរ។
យ៉ាងណាមិញ រថក្រោះ Little Willie គឺនៅមិនទាន់អាចបំពេញតម្រូវការរបស់ទាហានអង់គ្លេសឡើយ ពោលគឺការបំពេញមុខងាររបស់វាយឺតណាស់ មិនអាចឆ្លងកាត់ទម្លុះលេណដ្ឋាន និងម៉ាស៊ីនក្តៅជ្រុល។ ភា្លមៗក្រោយមក អង់គ្លេស ក៏សម្រេចចិត្តផលិតរថក្រោះទី២ ដែលមានឈ្មោះថា «Big Willie»។ ក្នុងឆ្នាំ១៩១៦ រថក្រោះនេះបានសាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងសមរភូមិ Battle of the Somme ដែលប្រយុទ្ធជាមួយនឹងទ័ពអាល្លឺម៉ង់៕
ប្រភព៖sabay