ព្រះទីនាំងប្រាសាទទេវាវិនិច្ឆ័យ ចាស់ក្នុងរជ្ជកាលព្រះបាទ នរោត្ដម ព្រះសុវណ្ណកោដ្ឋ និងព្រះទីនាំងទេវាវិនិច្ឆ័យថ្មី ដែលត្រូវបានសាងឡើងលើទីតាំងចាស់ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ ព្រះរាជានុកោដ្ឋ នៅឆ្នាំ១៩១៣ មកដល់បច្ចុប្បន្ន។

ព្រះទីនាំងនេះ បានធ្វើពិធីបញ្ចុះបឋមសិលា នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ១៩១៥ ក្រោមព្រះរាជាធិបតីភាព ព្រះករុណាព្រះបាទ ស៊ីសុវត្ថិ ព្រះមហាក្សត្រនៃក្រុងកម្ពុជាធិបតី និងលោក អ៊ែរណេស រូម៉េ អគ្គទេសាភិបាលប្រចាំឥណ្ឌូចិន និង លោក ហ្វ្រង់ស្វ័រ បូឌ្វ័ង ទេសាភិបាលប្រចាំនៅកម្ពុជា ។
ក្រុមហ៊ុនម៉ៅការសំណង់ សាងសង់ព្រះទីនាំងប្រាសាទ ទេវាវិនិច្ឆ័យនេះ មកពី ក្រុមហ៊ុនឥណ្ឌូចិន បេតុងអាម៉េ, វិចទ័រ ឡាម័រត៍ ដោយស្ថាបត្យករ លោក ព្យែរ វីឡា (D.P.L.G) ដោយមានការសាងសង់ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក កាហ្សេណាវ (ប្រធានវិស្វករ) និងលោក តេសារ៉ិច (វិស្វករ) ។

ព្រះទីនាំងទេវាវិនិច្ឆ័យ បានសាងសង់ក្នុងរជ្ជកាលព្រះ បាទសម្ដេចព្រះស៊ីសុវត្ថិ ព្រះរាជានុកោដ្ឋ ក្នុងឆ្នាំ១៩១៣-១៩១៧ ហើយត្រូវបានសម្ពោធនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩១៩ ។ ព្រះទីនាំងនេះមានបណ្តោយ ៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ និងកំពូលស្រួចកម្ពស់៥៩ម៉ែត្រ ។ ព្រះទីនាំងទេវាវិនិច្ឆ័យសម្រាប់ ៖ ព្រះរាជពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ, ព្រះរាជពិធីបុណ្យទ្វារទសមាស, ព្រះរាជសាវនាការថ្វាយសារតាំង, ព្រះរាជពិធីពិធីសច្ចាប្រណិធាន, ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ ៕


