មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទស្សនកិច្ច នៅប្រទេសរុស្ស៊ី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ ប៉ុន្តែលោកធ្វើដំណើរ តាមរថភ្លើងប្រចាំត្រកូល របស់លោកតែប៉ុណ្ណោះ។
ការពិតទៅ វាពុំមែនជារឿងថ្មី សម្រាប់មេដឹកនាំកូរ៉េខាងជើង ដែលជិះតែរថភ្លើងនេះឡើយ ពោលគឺកន្លងមក លោក គីម ជុងអ៊ុន តែងតែជិះរថភ្លើង សម្រាប់ទស្សនកិច្ចនៅក្រៅប្រទេសជានិច្ច ដូចជាកាលទៅប្រទេសចិនផងដែរ។ មូលហេតុនោះគឺ ដោយសារតែ ការធ្វើដំណើរតាមរថភ្លើងនេះ គឺមានសុវត្ថិភាពជាងមធ្យោបាយណាៗ ទាំងអស់។
យោងតាមរបាយការណ៍ របស់ក្រសួងផ្សះផ្សារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា រថភ្លើងរបស់លោក គីម ជុងអ៊ុន មានបង្អួចកញ្ចក់ដ៏រឹងមាំ ដែលអាចការពារគ្រាប់កាំភ្លើងបាន។ លើសពីនេះ ជញ្ជាំង និងបាតរថភ្លើង គឺសុទ្ធតែអាចការពារពីការបំផ្ទុះគ្រាប់ បែកទៀតផង។ ជាមួយគ្នានេះ វាក៏បំពាក់អាវុធ សម្រាប់វាយប្រហារ និងឧទ្ធម្ភាគចក្រមួយសម្រាប់រត់គេចក្នុងករណីមានអាសន្ន ។
ក្រៅពីសុវត្ថិភាពខ្ពស់ រថភ្លើងនេះ ក៏មានភាពប្រណីតខ្ពស់ផងដែរ ។ យោងតាមរបាយការណ៍ មួយចេញផ្សាយដោយ Reuters ក្នុងអំឡុងដំណើររបស់លោក គីម ជុងអ៊ុន ទៅកាន់វៀតណាម កាលពីឆ្នាំ២០១៩ ឱ្យដឹងថា រថភ្លើងនេះ មានទូចំនួន ២១ ដែលរួមមាន បន្ទប់សន្និសីទ បន្ទប់ទទួលទានអាហារ និងសម្រាក។ រថភ្លើងនេះ ក៏មានទូរសព្ទដែលភ្ជាប់ជាមួយផ្កាយរណបផងដែរ ដែលមេដឹកនាំផ្តាច់ការរូបនេះ នៅតែអាចគ្រប់គ្រងប្រទេស ពីចម្ងាយ ។ ក្រៅពីនេះ វាក៏មានផ្ទុករថយន្ត Mercedes-Benz limousines ទៅជាមួយលោកផងដែរ ៕