គៀវ៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន រក្សាសិទ្ធិក្នុងការងាកទៅរកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រសិនបើប៉ូឡូញ បន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។
លោក Shmyhal បានសរសេរថា “ក្នុងករណីមានការរំលោភច្បាប់ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍នយោបាយប្រជានិយមមុនការបោះឆ្នោត អ៊ុយក្រែន នឹងត្រូវបង្ខំឱ្យងាកទៅរកមជ្ឈត្តកម្មរបស់ WTO ដើម្បីទទួលបានសំណង សម្រាប់ការរំលោភលើបទដ្ឋាននៃកិច្ចព្រមព្រៀងទូទៅ ស្តីពីពន្ធគយ និងពាណិជ្ជកម្ម (GATT)” ។
លោក Shmyhal បានលើកឡើងថា អ៊ុយក្រែន កំពុងបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងសមាគមជាមួយសហភាពអឺរ៉ុប និងច្បាប់ WTO ដោយកត់សម្គាល់ថា អ៊ុយក្រែន មិនមានចេតនាធ្វើបាបកសិករប៉ូឡូញនោះទេ។
នៅព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានឲ្យដឹងថា ប្រទេសរបស់លោក នឹងបន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ដោយមិនគិតពីការសម្រេចចិត្តរបស់អឺរ៉ុប លើបញ្ហានេះ។
កាលពីខែឧសភា គណៈកម្មការអឺរ៉ុប បានដាក់បម្រាមលើការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនទៅកាន់ប្រទេសអឺរ៉ុបចំនួន ៥។ ការរឹតបន្តឹងត្រូវផុតកំណត់នៅថ្ងៃទី១៥ ខែកញ្ញា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កាលពីខែមុន រដ្ឋមន្ត្រីក្រសួងកសិកម្មប៉ូឡូញ លោក Robert Telus បានឲ្យដឹងថា ប្រទេសរបស់លោករួមគ្នាជាមួយប្រទេសស្លូវ៉ាគី ប៊ុលហ្គារី រូម៉ានី និងហុងគ្រី គាំទ្រការបន្តការហាមឃាត់នេះ រហូតដល់ដំណាច់ឆ្នាំនេះ៕
ប្រែសម្រួល ឈូក បូរ៉ា