បច្ចេកវិទ្យា

មន្ត្រីពាណិជ្ជកម្មឥណ្ឌា៖ក្រុមហ៊ុន Tesla របស់ Elon Musk គ្រោងនឹងទិញគ្រឿងបន្លាស់តម្លៃ ១.៩ ពាន់លានដុល្លារ

xinhua

ឥណ្ឌា៖រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ទីក្រុងញូវដេលី លោក Piyush Goyal បានប្រកាសកាលពីថ្ងៃពុធថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Tesla មានបំណងស្វែងរកប្រភពគ្រឿងបន្លាស់រថយន្តដែលមានតម្លៃរហូតដល់ ១.៩ ពាន់លានដុល្លារពីប្រទេសឥណ្ឌានៅឆ្នាំនេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT។


រដ្ឋមន្ត្រីបានបង្ហាញឲ្យដឹងកំពុងថ្លែងសុន្ទរកថានៅសម័យប្រជុំនៃសមាគមក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តនៃប្រទេសឥណ្ឌាថា ក្រុមហ៊ុនអាមេរិកបានទិញគ្រឿងបន្លាស់ដែលមានតម្លៃ ១ ពាន់លានដុល្លារពីប្រទេសឥណ្ឌាកាលពីឆ្នាំមុន។


នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានសន្យាការវិនិយោគដ៏សំខាន់នៅប្រទេសឥណ្ឌា បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី Narendra Modi នៅសហរដ្ឋអាមេរិកកាលពីខែមិថុនា។ លោក Musk ធ្លាប់បានរិះគន់ពន្ធនាំចូលខ្ពស់របស់ទីក្រុង ញូវដេលី និងគោលនយោបាយរថយន្តអគ្គិសនីរបស់ខ្លួន។


លោក Goyal បានប្រាប់ទស្សនិកជននៅពេលសួរថា តើប្រទេសឥណ្ឌានឹងពិចារណាកាត់បន្ថយពន្ធលើរថយន្តអគ្គិសនីនាំចូលតាមតម្រូវការរបស់ Tesla ថា នេះគឺជារដ្ឋាភិបាលដែលផ្តល់ឱកាសស្មើគ្នាដល់មនុស្សគ្រប់គ្នា យើងនឹងចេញនូវគោលការណ៍មួយនឹងត្រូវពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់។


យោងតាមលោករដ្ឋមន្ត្រីថា រដ្ឋាភិបាលឥណ្ឌាចង់ឲ្យការវិនិយោគកាន់តែច្រើន និងទិន្នផលរថយន្តអគ្គិសនីកាន់តែខ្ពស់ក្នុងប្រទេសនាពេលអនាគតដ៏ខ្លីនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចនៃទំហំបច្ចេកវិទ្យាថ្មីៗ។
លោក Musk មានសុទិដ្ឋិនិយមអំពីសក្តានុពលរបស់ប្រទេសឥណ្ឌាទាក់ទងនឹងថាមពលប្រកបដោយនិរន្តរភាព និងបច្ចេកវិទ្យាអាកាសធាតុ រួមទាំងថាមពលពន្លឺព្រះអាទិត្យ កញ្ចប់ថ្មនៅស្ថានី និងរថយន្តអគ្គិសនី។ មហាសេដ្ឋីរូបនេះបាននិយាយកាលពីមុនថា លោកគ្រោងនឹងនាំយកសេវាអ៊ីនធើណេតផ្កាយរណប Starlink របស់ SpaceX ទៅកាន់ប្រទេសឥណ្ឌា។ Tesla ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងដំណើរការជ្រើសរើសទីតាំងសម្រាប់រោងចក្រថ្មីរបស់ខ្លួនក្នុងប្រទេស៕

ដោយ៖លី ភីលីព

Most Popular

To Top