ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន ថ្លែងថា រុស្ស៊ី និងកូរ៉េខាងជើង ពង្រឹងកិច្ចទំនាក់ទំនងល្អ និងលើកកម្ពស់សន្តិសុខនៅក្នុងតំបន់

រូបភាពពី៖​ XINHUA

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាង នឹងខិតខំពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ និងលើកកម្ពស់សន្តិភាពនៅក្នុងតំបន់ ។

នៅឯ Vostochny Cosmodrome ក្នុងតំបន់ Amur នៃចុងបូព៌ារបស់ប្រទេសរុស្ស៊ី ភាគីទាំង២បានជួបប្រជុំគ្នាក្នុងទម្រង់ពង្រីកដែលត្រូវបានចូលរួមដោយគណៈប្រតិភូទាំង២ និងមានរយៈពេលប្រហែល១ម៉ោងកន្លះ ។

ក្រោយពីបានបញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំបានជួបមុខគ្នា ហើយភាគីទាំង២បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នាផងដែរ ។

វិមានក្រឹមឡាំង បានថ្លែងដោយសំអាងលើលោក ពូទីន នៅក្នុងកិច្ចពិភាក្សាថា “កិច្ចប្រជុំរបស់យើងកំពុងប្រព្រឹត្តទៅនៅម៉ោងពិសេស” ។ មេដឹកនាំរុស្ស៊ី បានកត់សម្គាល់ថា កូរ៉េខាងជើង “ថ្មីៗនេះបានប្រារព្ធខួបលើកទី៧៥នៃការបង្កើតប្រទេសរបស់ខ្លួន ហើយយើងបានបង្កើតទំនាក់ទំនងការទូតកាលពី៧៥ឆ្នាំមុន” ។

លោក ពូទីន បានក្រើនរំលឹកផងដែរថា សហភាពសូវៀត គឺជាប្រទេសដំបូងគេដែលទទួលស្គាល់អធិបតេយ្យភាព និងឯករាជ្យភាពរបស់កូរ៉េខាងជើង ។

លោក ពូទីន បានថ្លែងនៅក្នុងអំឡុងពេលអាហារថ្ងៃត្រង់រវាងមេដឹកនាំទាំង២ថា “យើងប្តេជ្ញាពង្រឹងទំនាក់ទំនងមិត្តភាព និងភាពជាអ្នកជិតខាងល្អ” ដោយបានថ្លែងទៀតថា ប្រទេសទាំង២នឹងធ្វើសកម្មភាពក្នុងនាមសន្តិភាព ស្ថិរភាព និងវិបុលភាព ។

ចំណែកលោក គីម វិញក៏បានកត់សម្គាល់ដែរថា ដំណើរទស្សនៈកិច្ចរបស់លោកកំពុងធ្វើឡើងនៅគ្រាមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លានៅលើឆាកអន្តរជាតិ ការប្រឈមមុខដាក់គ្នារវាងវឌ្ឍនភាព និងប្រតិកម្ម យុត្តិធម៌ និងអយុត្តិធម៌ និងស្របពេលពិភពលោកពហុប៉ូលថ្មីដែលកំពុងលេចចេញជារូបរាងជាបណ្តើរៗហើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top