ភ្នំពេញ៖ អ្នកប្រដាល់ សូត្រ ខេវិន បក្សីស្លាបដែកប៉ះអ្នកប្រដាល់ថៃ Kang Kongvan ប្រភេទទម្ងន់៦0គីឡូក្រាម ខណៈអ្នកប្រដាល់ រិន សារ័ត្ន ក្លិបកងទ័ពជើងទឹកប្រកួតជាមួយអ្នកប្រដាល់ថៃ Chai Sing ប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនៃព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវនៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០នេះ។
លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំ SEATV បានឲ្យដឹងថា អ្នកប្រដាល់ថៃ Kang Kongvan ជាអ្នកប្រដាល់ដែលសំបូរកលល្បិចគ្រាន់បើដែរ ហើយរូបគេមានរបៀបវ៉ៃរបស់គេគឺវ៉ៃដោយមិនបង្ខំ គេវ៉ៃចេញមួយៗ តែច្បាសាំហើយវ៉ៃចេញភាគច្រើនចំគោលដៅបានល្អ ថែមទាំងប្រកួត៩០ដង ឈ្នះ៧៩ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង។
អ្នកប្រដាល់ថៃរូបនេះ មានសមត្ថភាពបច្ចេកទេស ប្រដាល់កម្រិតខ្ពស់ដែលសូត្រ ខេវិន មិនអាចមើលស្រាលបានឡើយ។ ចំពោះសូត្រ ខេវិន ព្យាយាមស្ដារកេរ្តិ៍ឡើងវិញសម្បើមណាស់តែអ្វីៗនៅមិនទាន់វិលមក ដូចដើមនៅឡើយទេ បន្ទាប់ពីស្រុតចុះខ្លាំងនោះស្ទើរតែគ្រប់សង្វៀនទាំងអស់ មិនមានសង្វៀនណាមួយផ្ដល់ឱកាសឲ្យអ្នកប្រដាល់រូបនេះបានឡើងប្រកួតឡើយ ។ ប៉ុន្មានប្រកួតចុងក្រោយនេះគេធ្វើបាន ល្អខ្លះនិងមិនបានល្អខ្លះ ។
អ្នកប្រដាល់ល្អទាំងការការពារ ទាំងការវាយលុកតែជើងក្រោម របស់សូត្រ ខេវិន មិនជារឹងមាំនោះទេតែ បន្ទាប់ពីគេព្យាយាមហ្វឹកហាត់ឡើងវិញនោះ គូប្រកួតក៏មិនងាយនឹងវាយប្រហារជើងគេបានឡើយ ព្រមទំាងប្រកួត៧៤លើក ឈ្នះ៦៣លើក ចាញ់១១លោក និងមិនដែរស្មើ ។
ចំណែកអ្នកប្រដាល់ រិន សារ័ត្ន ក្លិបកងទ័ពជើងទឹកប្រកួតជាមួយអ្នកប្រដាល់ថៃ Chai Sing ។ រិន សារ័ត្ន មួយរយៈនេះគេហាក់ដូចជាស្រុតចុះខ្លាំងណាស់ទោះបីរបៀបវ៉ៃរបស់គេនៅតែល្អក៏ពិតមែន និងនៅរហ័សក៏ពិតមែនតែកម្លាំង និង ទឹកចិត្តរបស់គេស្រុតចុះខ្លាំងណាស់ ។ រិន សារ័ត្ន ប្រកួត៦០ដង ឈ្នះ៤៤ដង ចាញ់១៣ដង និងស្មើ៣ដង ។
អ្នកប្រដាល់ថៃរូបនេះ មានថ្វីដៃល្អ និងវាយខ្លាំងគួរសមដែរ ដោយសារគេជាជើងខ្លាំងនៅស្រុកថៃ Chai Sing ប្រកួត៧២លើក ឈ្នះ៥៨លើក និងចាញ់១៤លើក មិនដែលស្មើ៕ ដោយ៖លី ភីលីព