Event

លេចមុខតារាចម្រៀង២រូប ពោរពេញដោយទេពកោសល្យ ក្នុងថ្ងៃសម្ពោធ ផលិតកម្មថ្មីសន្លាង GenMusix ដ៏ធំនៅកម្ពុជា

GenMusix  បានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ ដែលជាផលិតកម្មថ្មីសន្លាង ដ៏ធំមួយក្នុងប្រទេសកម្ពុជា។ ក្នុងថ្ងៃសម្ពោធនោះគេសង្កេតឃើញមានវត្តមានតារាចម្រៀងប្រុស-ស្រី ២រូប STEP និង SK ដែលជាសិល្បករ សិល្បការិនី ពោរពេញដោយទេពកោសល្យ និងសមត្ថភាពដ៏ពូកែ ពួកគេនឹងក្លាយជាសមាជិកផ្លូវការរបស់ GenMusix ហើយនឹងនៅមានធនធានសិល្បៈពូកែៗជាច្រើនរូបទៀត ដែលនឹងបង្ហាញខ្លួនជាបន្តបន្ទាប់។

អ្វីដែលទស្សនិកជនទន្ទឹងរង់ចាំ ក្រោយពីបានឃើញផ្ទាំង Poster និងវីដេអូខ្លីៗ លើបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗនោះ ពេលនេះបានដឹងហើយ គឺការប្រកាសសម្ពោធផលិតកម្មថ្មីសន្លាងឈ្មោះថា “GENMUSIX” មកកាន់វិស័យតន្ត្រីក្នុងប្រទេសកម្ពុជា។

អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលខ្លាំងសម្រាប់មហាជនគឺ ផលិតកម្មទើបតែប្រសូត្រឡើងនេះ គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនតន្ត្រីដ៏ធំលំដាប់លេខ១ ក្នុងប្រទេសកម្ពុជា គឺ «ហង្សមាស» ដែលគេស្គាល់ថា ជាបងធំក្នុងវិស័យតន្ត្រីនៅកម្ពុជា ជាច្រើនទសវត្សរ៍មកហើយ។

ដូចអ្នកគ្រប់គ្នាបានដឹងហើយថា ហង្សមាស ជាក្រុមហ៊ុនតន្ត្រីដ៏ធំបំផុតមួយនៅកម្ពុជា ប្រជុំដោយកំពូលតារាចម្រៀងល្បីៗលំដាប់កំពូលជាច្រើនរូប ឈរជើងយ៉ាងរឹងមាំជាង ២០ឆ្នាំ និងបន្តទទួលបានការគាំទ្រកាន់តែខ្លាំងឡើង តាមរយៈការផលិតបទនូវចម្រៀងដ៏មានគុណភាព ពេញនិយមគ្រប់ស្រទាប់វណ្ណៈ។ ដូច្នេះការបោះទុនបន្ថែម ដើម្បីបង្កើតផលិតកម្មថ្មីសន្លាង “GENMUSIX” ពីសំណាក់បងធំក្នុងវិស័យតន្ត្រីមួយនេះ គេជឿជាក់ថា ប្រាកដជានឹងធ្វើឱ្យវិស័យតន្ត្រីនៅកម្ពុជា កាន់តែរីកចម្រើនខ្លាំងបន្ថែមទៀត តាមរយៈកម្លាំងធនធានមនុស្ស បច្ចេកវិទ្យាទំនើបៗ ព្រមទាំងសមត្ថភាព ទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករ-សិល្បការិនី ប្រចាំផលិតកម្មមួយនេះ។

តាមប្រសាសន៍របស់លោកស្រី អ៊ឹង គីមលាង អគ្គនាយិកាក្រុមហ៊ុន GenMusix ឱ្យដឹងថា ការបោះទុន បង្កើតផលិតកម្មថ្មីនេះឡើង គឺដើម្បីផ្ដល់នូវវេទិកាស្ដាប់តន្ត្រីរសជាតិបែបថ្មី ដ៏រស់រវើក ស្របតាមការរីកចម្រើននៃសង្គម ស្របតាមបរិបទថ្មី ជាពិសេសក្នុងសម័យឌីជីថល ការរស់នៅរបស់មនុស្សមានការផ្លាស់ប្ដូរ។ ដូច្នេះតន្ត្រីក៏ត្រូវតែថ្មី តាមបែបផែននៃការនិយមចូលចិត្តរបស់មនុស្ស។ GenMusix មិនត្រឹមតែជាវេទិកាស្ដាប់តន្ត្រី សម្រាប់ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែនឹងនាំយកនូវតន្ត្រី សិល្បៈ វប្បធម៌ដ៏ល្អផូផង់របស់កម្ពុជា ដើម្បីបង្ហាញទៅកាន់ពិភពលោក៕

Most Popular

To Top