ព័ត៌មានអន្តរជាតិ

លោក បៃដិន ប្រកាសជំនួយយោធាថ្មី សម្រាប់អ៊ុយក្រែន ចំពេលមានការជាប់គាំងថវិការបស់សភា

ប្រភព៖U.S Army

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសកញ្ចប់ជំនួយយោធាថ្មីមួយ ដែលមានតម្លៃ ៣២៥លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងការការពារដែនអាកាសបន្ថែមទៀត ខណៈដែលសភាអាមេរិកកំពុងតស៊ូ ដើម្បីឈានដល់ការសម្របសម្រួលមួយដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលសហព័ន្ធ។

លោក បៃដិន បាន​ប្រកាស​កញ្ចប់​នេះ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កញ្ចប់នោះរួមមានប្រព័ន្ធប្រឆាំងការវាយប្រហារតាមអាកាស អាវុធយុទ្ធភណ្ឌធម្មតា ដែលប្រសើរឡើងក្នុងគោលបំណងពីរ និងអាវុធប្រឆាំងរថក្រោះ។

ទោះជាយ៉ាងណាក៏ដោយ កញ្ចប់នេះមិនរួមបញ្ចូលមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយដែលទីក្រុងគៀវ ចង់បាន ដែលអាចវាយប្រហារបានចម្ងាយ ៣០០គីឡូម៉ែត្រ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា មុននេះ លោក ហ្សេឡិនស្គី បានជួបជាមួយលោក បៃដិន សមាជិកសភាអាមេរិក និងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ដើម្បីពិភាក្សាអំពីជំនួយបន្ថែមទៀតសម្រាប់អ៊ុយក្រែន។

កញ្ចប់ថវិកានេះ គឺដាច់ដោយឡែកពីទឹកប្រាក់បន្ថែមចំនួន ២៤ពាន់លានដុល្លារដែលលោក បៃដិន ចង់ឱ្យសភាអនុម័ត សម្រាប់អ៊ុយក្រែន បើទោះបីជាមានការជំទាស់ពីតំណាងគណបក្សសាធារណរដ្ឋមួយចំនួន ដែលមានបំណងកាត់បន្ថយជំនួយក៏ដោយ។

គួរបញ្ជាក់ថា ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន មានចំនួនសរុប ៤ឯ,៩ពាន់លានដុល្លារ នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top