ភ្នំពេញ ៖ លោក គង់ សុភាព គ្រូជំនួយសហព័ន្ធកីឡាទូកកានូ និង ទូករ៉ូអ៊ីងកម្ពុជា បានមានប្រសាសន៍ថា ការចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអាស៊ី លើកទី ១៩ នៅប្រទេសចិនឆ្នាំនេះ ក្រុមអត្តពលិកទូក មានក្តីរំពឹងខ្ពស់ ឈ្នះមេដាយជូនជាតិ លោកបានលើ ក្នុងឱកាសក្រុមអត្តពលិកកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានចាកចេញពីប្រទេសកម្ពុជា ទៅចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើក ទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នាព្រឹកថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២៣ ។
លោក គង់ សុភាព បានបន្តថា ការទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើក ទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន សហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជូនអត្តពលិក សរុបចំនួន១៧រូប ក្នុងនោះកីឡាករ ១៤រូប និងគ្រូបង្វឹក ចំនួន៣រូប ដែលនឹង ធ្វើការប្រកួតលើ៣ វិញ្ញាសាទូក អ៊ំចំណុះ១២នាក់ ចម្ងាយ១០០០ម៉ែត្រ .ទូកអ៊ំចំណុះ១២ នាក់ ចម្ងាយ៥០០ម៉ែត្រនិងទូក អ៊ំចំណុះ១២នាក់ចម្ងាយ២០០ម៉ែត្រ ។
សម្រាប់ការចូលរួម ក្នុងព្រឹត្តិការណ៍ កីឡាដ៏ធំប្រចាំទ្វីបអាស៊ីលើកនេះ ក្រុមកីឡាករទូកបានប្រឹងប្រែង ហ្វឹកហាត់យ៉ាងខ្លាំង ជាមួយគ្រូបង្វឹកមីយ៉ាន់ម៉ាមិនថា ហាលក្តីឬហាលភ្លៀងនោះទឡើយ ព្រោះចង់ទទួលបានលទ្ធផលល្អមកជូនជាតិ។ លោកថា តាមរយៈការខិតខំប្រឹងប្រែង ហ្វឹកហាត់របស់កីឡាករបូករួមជា មួយការយកចិត្តទុកដាក់ទំនុក បំរ៉ុងពីសំណាក់ថ្នាក់ដឹកនាំ សម្តេចក្រឡាហោម ស ខេងប្រធានសហព័ន្ធ លោក ប៉ាន សូរស័ក្ក និងលោកទៀ វិញ អនុប្រធានសហព័ន្ធ និងឯកឧត្តម បណ្ឌិត មាស សារិនអនុប្រធានអចិន្ត្រៃយ៍សហព័ន្ធ សម្រាប់ការប្រជែង លើកនេះ យើងរំពឹងខ្ពស់ថា ក្រុមទូករបស់កម្ពុជានឹង រកបានមេដាយកម្រិតណាមួយបាន ជូនកម្ពុជាជាក់ជាមិនខាន ។
កញ្ញា មាសតឿ អ្នកនាំពាក្យសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បាននាំយកនូវពាក្យផ្តាំផ្ញើពីសម្តេចក្រឡាហោម ស ខេងប្រធានសហព័ន្ធ និងលោកបណ្ឌិត មាស សារិន អនុប្រធានសហព័ន្ធជូនដល់កីឡាករដែលចូលរួមកីឡាអាស៊ីនៅចិនថា សូមឲ្យកីឡាករ ទាំងអស់ យកចិត្តទុកដាក់ខ្លាំងបំផុតចំពោះសុខភាព ត្រូវចូលគេងឲ្យបានទៀង ទាត់តាមម៉ោង កំណត់ របស់គ្រូបង្វឹក និង ហូបចុកបានគ្រប់គ្រាន់ និង កុំហូបអាហារណា ដែលពុំធ្លាប់ ហូបឲ្យសោះខ្លាចបង្កផល មិនល្អដល់ សុខភាព របស់យើងនាំឲ្យប៉ះពាល់ ដល់ការប្រកួតប្រជែង ពិសេស ត្រូវប្រកួតដោយមានទំនុកចិត្ត ប្រឹងប្រែងដណ្តើមជ័យជំនះជូនជាតិ ។
ការប្រកួតកីឡាអាស៊ី លើក ទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ផ្នែកកីឡាទូកប្រកួតពីថ្ងៃទីប្រកួតពីថ្ងៃទី៤ដល់ទី៦ ខែ តុលា ឆ្នាំ២០២៣ ប៉ុន្តែអត្តពលិកទូកកម្ពុជាចេញពីថ្ងៃទី១ខែ តុលា គឺដើម្បីទៅដល់ប្រទេសចិន បានសម្រាក និងមានពេលហ្វឹកហាត់បានគ្រប់គ្រាន់ មានកម្លាំងប្រកួតប្រជែងដណ្តើម បានមេដាយជូនជាតិមាតុភូមិ៕
ដោយ៖លី ភីលីព