ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ​ប្រកាសដាក់ប្រទេស ក្នុងស្ថានភាព​​សង្គ្រាម ខណៈ​ជម្លោះ​ជាមួយ ​ក្រុម​ហាម៉ាស ​នៅ​តែ​បន្ត

ប្រភព ៖ Xinhua

យេរ៉ូសាឡឹម ៖ គណៈរដ្ឋមន្ត្រី របស់អ៊ីស្រាអែល បានប្រកាសពី “ស្ថានភាពនៃសង្គ្រាម” ​ បន្ទាប់ពីការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលដ៏ធំមួយ ដែលធ្វើឡើងដោយក្រុម ហាម៉ាស រហូតមកដល់ពេលនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០០នាក់នៅក្នុងអ៊ីស្រាអែល ខណៈដែលការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាង ហោចណាស់ ៤១៣ នាក់នៅហ្គាហ្សា ។

កងទ័ពអ៊ីស្រាអែល បានបន្តការវាយប្រហារ តាមអាកាសយ៉ាងទូលំទូលាយរបស់ខ្លួន ទៅលើគោលដៅនានានៅហ្គាហ្សាកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមសកម្មប្រយុទ្ធហាម៉ាស កំពុងប្រយុទ្ធជាមួយទាហានអ៊ីស្រាអែល នៅលើទឹកដីអ៊ីស្រាអែល។

អ្នកនាំពាក្យ IDF លោក Daniel Hagari បានឲ្យដឹងថា ពួកសកម្មប្រយុទ្ធហាម៉ាស នៅតែគ្រប់គ្រងសហគមន៍ជាច្រើននៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល កាលពីល្ងាចថ្ងៃអាទិត្យ ខណៈដែលទាហានកងកម្លាំង ការពារអ៊ីស្រាអែល (IDF) បានចូលរួមនៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងជាមួយពួកគេ។

លោក Zaka ដែលជាសេវាសង្គ្រោះរបស់អ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានប្រមូលអដ្ឋិធាតុរបស់យុវនារី និងបុរសប្រហែល ២៦០ នាក់ ដែលកំពុងជប់លៀងនៅឯពិធីបុណ្យ Nova ដែលជាព្រឹត្តិការណ៍តន្ត្រីក្រៅនៅតំបន់វាលស្រែជនបទក្បែររបងហ្គាហ្សា និងអ៊ីស្រាអែល។

អ្នកចូលរួមក្នុងពិធីបុណ្យ ជាច្រើននៅតែបាត់ខ្លួននៅយប់ថ្ងៃអាទិត្យ ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបាន ជន់លិចដោយមនុស្ស ដែលកំពុងព្យាយាមស្វែង រកសាច់ញាតិ និងមិត្តភក្តិរបស់ពួកគេ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយឆ្មក់ចូលពិធីបុណ្យ និងទីតាំងផ្សេងទៀត នៅក្នុងតំបន់ ដែលជាផ្នែកនៃការវាយប្រហារដ៏ គួរឱ្យភ្ញាក់ផ្អើលដ៏ធំលើអ៊ីស្រាអែល ដែលរួមមានការបាញ់គ្រាប់រ៉ុក្កែត រាប់ពាន់គ្រាប់៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top