Event

ក្រុមហ៊ុន RMA សម្ពោធជាផ្លូវការ វត្តមានរថយន្ត Ford Ranger Raptor 2020 មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA) ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខ រថយន្ត Ford នៅកម្ពុជា នារាត្រីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ បានធ្វើការសម្ពោធជាផ្លូវការ សម្រាប់ការមកដល់ ទីផ្សារកម្ពុជា នៃរថយន្ត Ford Ranger Raptor ស៊េរីថ្មី ឆ្នាំ2020 ។

Ford Ranger Raptor បានរួមបញ្ចូល DNA របស់ Ford Performance ជាមួយការឆ្នៃប្រឌិតថ្មី និងបំពាក់ បច្ចេកវិទ្យាទំនើប ចុងក្រោយបង្អស់ ធ្វើឲ្យការបើកបរ កាន់តែមានភាពអស្ចារ្យ ដែលនឹងក្លាយជា គូប្រគួតប្រជែងឈានមុខគេ ក្នុងទីផ្សាររថយន្ត Pickup ។ រថយន្តនេះផលិតឡើង ក្រោមការធ្វើតេស្ត យ៉ាងម៉ត់ចត់ ពីវិស្វករ Ford Performance Team ដើម្បីបង្កើតនូវរថយន្តមួយ ដែលអាចជំនះ គ្រប់ឧបសគ្គ កាន់តែពិសេស សម្រាប់អតិថិជន ដែលចូលចិត្ត បើកបរ លើផ្លូវ Off-road ។

លោក Michael Breen នាយកគ្រប់គ្រងក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បានឲ្យដឹងថា “ការបង្កើតឡើង និងការរចនារូបរាងរបស់ Ranger Raptor ធ្វើឡើងនៅទ្វីបអាស៊ី ដោយអ្នករចនារថយន្ត Ford និងវិស្វករក្រុមហ៊ុន Ford ដែលមានជំនាញច្បាស់លាស់ ។ ពួកគេបានសហការ ជាមួយនឹងក្រុមវិស្វករ Ford Performance Team ដើម្បីបង្កើតរថយន្តនេះឡើង” ។

លោកបន្តថា “ការសហការនេះ នាំអោយមាន ការលេចរូបរាង Ford Ranger Raptor នៅទ្វីបអាស៊ី ។ វាជាជម្រើសដ៏ត្រឹមត្រូវ ដែលក្រុមវិស្វករជំនាញ របស់ Ford បានសម្រេចយក Ford Ranger ជាគោល ក្នុងការផលិតរថយន្ត Ford Ranger Raptor ព្រោះ Ford Ranger មិនត្រឹមតែជារថយន្ត មានប្រជាប្រិយភាព នៅក្នុងទំបន់ប៉ុណ្ណោះទេ តែអ្នកដែលធ្លាប់ ប្រើប្រាស់រថយន្តនេះ តែងតែសរសើរ មិនដាច់ពីមាត់ ពីសមត្ថភាព របស់រថយន្ត Pickup មួយនេះ ។ ហើយនេះជាមូលហេតុ នាំអោយ ក្រុមវិស្វករជំនាញ បង្កើតកំពូលរថយន្ត Pickup Ford Ranger Raptor ជាការឆ្លើយតប នឹងតម្រូវការអតិថិជន និយមប្រើប្រាស់ រថយន្ត Pickup របស់ Ford ។

Ford Ranger Raptor ដូចទៅនឹង Ford F-150 ដែលរចនាផ្អែកទៅលើ DNA Ford Performance ។ ផ្នែកខាងមុខ បំពាក់អក្សរ FORD ធំៗ មើលទៅឃើញ លក្ខណៈកាចជាង Ford Ranger ធម្មតា ។ កាងមុខរឹងមាំ ធន់នឹងការប៉ះទង្គិច ផ្នែកខាងក្នុង បំពាក់ដោយពូកស្បែក មានគុណភាពខ្ពស់ ធន់នឹងការប្រើប្រាស់ប្រចាំថ្ងៃ ។ បំពាក់ម៉ាស៊ីជំនាន់ថ្មី Bi-Turbo ទំហំ 2.0L សន្សំសំចៃប្រេង និងមានកម្លាំងសេស 213PS កម្លាំង Torque 500Nm ប្រើប្រាស់ប្រអប់លេខថ្មី ១០លេខ ជំនួយដល់ការ ដាក់លេខរលូន និងងាយស្រួល ។ បំពាក់បូម Fox Racing Shox ដូចរថយន្ត Ford F-150 មានលក្ខណៈធន់ រឹងមាំ មិនរលាក់ខ្លាំង ទោះបីបើកបរលើផ្លូវរលាក់ ក្នុងល្បឿនលឿនក៏ដោយ ។

Ford Ranger Raptor មានបច្ចេកវិទ្យាដូចជា Terrain Management System with Baja Mode, Normal Mode, Sport Mode, Grass/gravel/snow Mode, Mud/sand Mode និង Rock Mode មុខងារទាំងនេះ អាចនិយាយបានថា ជួយឲ្យរថយន្តមួយនេះ ងាយស្រួលប្រើប្រាស់ គ្រប់ស្ថានភាពផ្លូវ ជាពិសេសអាចចុះទឹក បានជម្រៅ 850mm ផងដែរ ។ លើសពីនេះ Ford Ranger Raptor មានប្រព័ន្ធកាពីតាស ៣ប្រភេទ ដូចជា 2H Two-wheel drive, 4H Four-wheel drive និង 4L Low-range four wheel drive ។ ប្រើប្រាស់ជាមួយ Smart Key ដែលអាចបញ្ជេះរថយន្ត ដោយស្វ័យប្រវត្តិ ពីចំងាយ និងបំពាក់សេនស័រ ៨គ្រាប់ ដែលអាចបញ្ជារថយន្ត ចូលចតដោយខ្លួនឯង បានផងដែរ ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា “ក្រុមហ៊ុន សម្រេចចិត្តនាំចូល រថយន្ត Pickup មួយនេះ មកកាន់ទីផ្សារកម្ពុជា ដើម្បីជាការឆ្លើយតប ទៅនឹងតម្រូវការអតិថិជន ក៏ដូចជាលើកទឹកចិត្ត ប្រជាជនកម្ពុជា ងាកមកប្រើប្រាស់រថយន្តថ្មី ។ ម្យ៉ាងទៀត ដោយហេតុបច្ចុប្បន្ននេះ រថយន្ត Pickup ក៏ទទួលបាន ការពេញនិយម សម្រាប់អ្នកមានគ្រួសារ និងសម្រាប់ប្រើប្រាស់ ក្នុងអាជីវកម្ម ដោយសាររថយន្តប្រភេទនេះ អាចប្រើប្រាស់បាន គ្រប់កាលៈទេសៈ គ្រប់ស្ថានភាពផ្លូវ មិនថាធ្វើការ និងដំណើរកម្សាន្តនោះទេ” ។

Ford Ranger Raptor មានជម្រើស ៥ពណ៌សម្រាប់ជ្រើសរើស ៖ ពណ៌ស, ក្រហម, ខៀវ, ប្រផេះ និងពណ៌ខ្មៅ៕

Most Popular

To Top