នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន បានខ្ចីរថយន្ត Tesla Model Y របស់ភរិយាលោក ជិះទៅចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១៦ ខែតុលាកន្លងទៅ ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនី និងទាក់ទាញការវិនិយោគ ជាពិសេសគឺក្រុមហ៊ុន Tesla នេះតែម្តង។
លោក ស្រេតថា បានប្រាប់អ្នកកាសែតថា ការខ្ចីរថយន្តរបស់ភរិយាយកមកជិះនេះ គឺដើម្បីឆក់យកបេះដូងរបស់ក្រុមហ៊ុន Tesla ឱ្យមកបណ្តាក់ទុននៅក្នុងប្រទេសថៃ ខណៈលោកនឹងជួបចរចាជាមួយលោក Elon Musk នៅខែក្រោយនេះហើយ។
លើសពីនេះ នាយករដ្ឋមន្រ្តីថៃរូបនេះ ក៏បានបញ្ជាឱ្យគ្រប់ក្រសួងស្ថាប័ននានា ទិញរថយន្តអគ្គិសនីប្រើប្រាស់ ដើម្បីជំនួសរថយន្តចាស់ៗ ហើយបង្កើតស្ថានីយសាកភ្លើងឱ្យកាន់តែច្រើននៅទូទាំងប្រទេស។ ជាមួយគ្នានេះ គ្រប់សេវាដឹកជញ្ជូនសាធារណៈ ដូចជា រថយន្តក្រុង តាកស៊ី និងតុក-តុក ក៏នឹងត្រូវប្រើអគ្គិសនីផងដែរ។
ក្នុងឆ្នាំ២០២៣នេះ ការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ នឹងឈានដល់ ៨,៧% នៃគ្រប់រថយន្តទាំងអស់ ពោលគឺកើនឡើងពី ៣,៨% ក្នុងឆ្នាំ២០២២។
គួររំលឹកថា ក្រោយត្រឡប់មកពីចូលរួមមហាសន្និបាត UN នៅក្រុងញ៊ូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែកញ្ញា លោក ស្រេតថា បានអះអាងថា ប្រទេសថៃ រំពឹងទទួលបានការវិនិយោគ ៥ពាន់លានដុល្លារពីក្រុមហ៊ុន Tesla, Google និង Microsoft។ ក្នុងនោះ Tesla នឹងវិនិយោគបង្កើតរោងចក្រផលិតរថយន្តអគ្គិសនី ឯក្រុមហ៊ុន Microsoft និង Google ស្វែងរកការបង្កើតមជ្ឈមណ្ឌលទិន្នន័យ៕
ប្រភព៖sabay