ហ្គាហ្សា៖ កីឡាករប្រដាល់ MMA លោក Khabib Nurmagomedov ដែលជាអតីតម្ចាស់ជើងឯក UFC មិនធ្លាប់ចាញ់របស់ប្រទេសរុស្ស៊ីបានអះអាងថា
ការវាយប្រហារដោយមីស៊ីល ដោយបានបំផ្លិចបំផ្លាញមន្ទីរពេទ្យមួយនៅហ្គាហ្សាកាលពីល្ងាចថ្ងៃអង្គារ គឺជាទង្វើនៃអំពើប្រល័យពូជសាសន៍របស់មនុស្សជាតិ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
លោក Nurmagomedov អាយុ ៣៥ ឆ្នាំបានសរសេរសារមួយនៅលើ Instagram កាលពីថ្ងៃពុធថា ការទម្លាក់គ្រាប់បែកមន្ទីរពេទ្យដែលពោរពេញទៅដោយកុមារ និងជនភៀសខ្លួនមិនមែនជាផ្លូវឆ្ពោះទៅរកសន្តិភាពទេ នេះគឺជាការប្រល័យពូជសាសន៍។ លោកបានបន្ថែមថា គ្មាននរណាម្នាក់សមនឹងត្រូវទម្លាក់គ្រាប់បែក ដោយសារពួកគេកើតនៅកន្លែងកើតនោះទេ រួមជាមួយនឹងការបង្ហោះរូបអារម្មណ៍ខូចចិត្ត និងទង់ជាតិប៉ាឡេស្ទីន។
លោក Nurmagomedov បានប្រកាសចូលនិវត្តន៍ពីសិល្បៈក្បាច់គុនចម្រុះក្នុងឆ្នាំ ២០២០ គឺជាជើងឯកមូស្លីមដំបូងគេក្នុងប្រវត្តិសាស្ត្រ UFC ហើយពីមុនបានសម្តែងការគាំទ្ររបស់លោកចំពោះបុព្វហេតុប៉ាឡេស្ទីននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្សចំនួន ៤៧១ នាក់បានស្លាប់ក្នុងការទម្លាក់គ្រាប់បែកកាលពីថ្ងៃអង្គារនៅមន្ទីរពេទ្យ Al-Ahli ក្នុងតំបន់ឡោមព័ទ្ធ ដោយបានស្តីបន្ទោសលើអ៊ីស្រាអែល ចំពេលមានយុទ្ធនាការវាយប្រហារតាមអាកាសដែលមិនធ្លាប់មានពីមុនមកលើតំបន់ហ្គាហ្សា បានចាប់ផ្តើមនៅក្នុងការសងសឹកចំពោះការលុកលុយរបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ចូលទៅក្នុងអ៊ីស្រាអែល។
នេះបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិថា មនុស្សប្រហែល ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ក្នុងការវាយលុករបស់ក្រុមហាម៉ាស់។ មន្ត្រីសុខាភិបាលបាននិយាយថា រហូតមកដល់ពេលនេះមនុស្សជាង ៣០០០ នាក់បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែកនៅតំបន់ Gaza ដោយមានអ្នករងរបួសជាច្រើនពាន់នាក់ និងមនុស្សប្រហែលមួយលាននាក់ត្រូវបានផ្លាស់ទីលំនៅ ។
អ៊ីស្រាអែលបានបដិសេធការទទួលខុសត្រូវចំពោះការវាយប្រហារមន្ទីរពេទ្យដោយនិយាយថា វាជាលទ្ធផលនៃការបាញ់រ៉ុក្កែតបរាជ័យដោយក្រុមជីហាតអ៊ីស្លាមឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល។ អ្នកនាំពាក្យយោធាក៏បាននិយាយផងដែរថា ក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានបំផ្លើសចំនួនអ្នកស្លាប់។
អ៊ីស្រាអែលបាននិយាយថា គ្រាប់រ៉ុក្កែតចំនួន ៤៥០ គ្រាប់ត្រូវបានបាញ់ដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនបានដំណើរការខុសប្រក្រតី និងបានបំផ្ទុះនៅហ្គាហ្សាចាប់តាំងពីការចាប់ផ្តើមនៃអរិភាពបច្ចុប្បន្ន។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានមកដល់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធបាននិយាយជាមួយនាយករដ្ឋមន្រ្តី Benjamin Netanyahju ថា វាហាក់ដូចជាការបំផ្លិចបំផ្លាញមន្ទីរពេទ្យ ធ្វើឡើងដោយក្រុមផ្សេងទៀត ដែលសំដៅទៅលើពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន៕ ដោយ៖លី ភីលីព