ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាអស់ ៣៨៣,៩០០,០០០រៀល លើកប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនីកម្ពុជា ដែលដណ្តើមមេដាយ ប្រាក់ និងសំរិទ្ធនៃព្រឹត្តិការណ៍ ការប្រកួតកម្រិតអន្តរជាតិ ចំនួន៤ធំៗ កាលពីឆ្នាំមុន សម្រាប់កីឡាការ៉ាតេ និងគុន ដាវដោយទទួលបាន មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ ១២ គ្រឿង។
ក្នុងឳកាសប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ស សុខា រដ្ឋលេខាធិការ តំណាងឲ្យលោកហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
សម្រាប់ការប្រកួត ជ្រើសរើសជើងឯក សាកលវិទ្យាល័យ កីឡាគុនដាវអាស៊ី ២០១៩ នៅប្រទេសសឹង្ហបុរីដណ្តើម បានមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង សរុបទឹកប្រាក់ចំនួន ២០៨,០០០,០០០រៀល ចំពោះប្រកួតជ្រើសរើសជើងឯក កីឡាគុនដាវសាកលវិទ្យាល័យ អាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី ដណ្តើមបានមេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ២ គ្រឿង សរុបទឹកប្រាក់ចំនួន ៩៣,០០០,០០០រៀល ។
ចំណែកការប្រកួតការ៉ាតេ ជ្រើសរើសជើងឯកអាស៊ីលើកទី ១៨ នៅប្រទេសម៉ាឡេស៊ី ដណ្តើមបាន មេដាយសំរិទ្ធ១គ្រឿង សរុបទឹកប្រាក់ចំនួន ២២,០០០,០០០រៀល និងការប្រកួត កីឡាការ៉ាតេជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍លើកទី ៨ នៅប្រទេសថៃ ដណ្តើមបានមេដាយ សំរិទ្ធ៥គ្រឿង សរុបទឹកប្រាក់ចំនួន ៦០,៩០០,០០០រៀល៕ ដោយ៖លី ភីលីព