ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពីការធ្វើតេស្តិ៍កាយសម្បទាសិក្សានុសិស្សនៅគ្រឹះស្ថានបឋមសិក្សាដែលរៀបចំធ្វើឡើងនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ មានរយៈពេល ៤ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៤ រហូតដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣។
លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាមានប្រសាសន៍ថា សិក្ខាសាលានេះនឹងបង្ហាញពីវិធីសាស្ត្រនៃការធ្វើតេស្តិ៍កាយសម្បទាសិស្សានុសិស្ស ដើម្បីតាមដានការរីកលូតលាស់នៃសុខភាពផ្លូវកាយ ចិត្ត បញ្ញា និងការចូលរួមអភិវឌ្ឍចំណេះដឹងដល់សិស្សានុសិស្សឲ្យបានពេញលេញស្របតាមកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោកបន្តទៀតថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមក្រើនរំលឹកដល់មន្ទីរាជធានី-ខេត្តទាំងអស់ សូមចូលរួមអនុវត្តន៍ក្របខណ្ឌកម្មវិធីសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសថ្នាក់ជាតិឲ្យបានពេញលេញ២ម៉ោងក្នុងមួយសប្តាហ៍ និងបំផុសចលនាកីឡាក្រៅម៉ោងសិក្សាឲ្យបានទូលំទូលាយ ជាពិសេសកម្មភាពអប់រំកាយ និងកីឡានៅតាមសាលារៀនដើម្បីជាគោលដៅសុខមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា របស់ក្មួយៗសិស្សានុសិស្ស។
លោកបានបន្ថែមថា សិក្ខាសាលានេះមានគោលបំណងណែនាំពីវិធីសាស្ត្រ និងបច្ចេកទេសនៃការធ្វើតេស្តិ៍កាយសម្បទាសិស្សានុសិស្ស ពិនិត្យតាមដាន និងវាយតម្លៃពីការអភិវឌ្ឍន៍សុខភាពរាងកាយ និងបញ្ញាសិស្សានុសិស្សស្របតាមស្តង់ដារនៃអាយុរបស់កុមារតាមរយៈនៃការរៀនមុខវិជ្ជាអប់រំកាយក្នុងម៉ោង និងលេងកីឡាក្រៅម៉ោងសិក្សា អនុវត្តការបង្រៀន និងរៀនឲ្យត្រឹមត្រូវស្របតាមសៀវភៅគ្រូមុខវិជ្ជាអប់រំកាយនិងកីឡា នៅគ្រឹះស្ថានបឋមសិក្សា ជាគ្រូបង្គោលលើមុខវិជ្ជាអប់រំកាយនិងកីឡាប្រចាំរដ្ឋបាលក្រុងស្រុកនីមួយៗ និងបង្រៀនបន្តទៅលោកគ្រូអ្នក គ្រូក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោក ដុក គិរីរតន៍ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិសិ្សត បានគូសបញ្ជាក់ថា សិក្ខាសាលាខាងលើនេះមានរយៈពេល ៤ ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ មានសិក្ខាកាមចូលរួមសរុបចំនួន ៣៥រូប ក្នុងនោះមាននារី ១ រូប៕ ដោយ៖លី ភីលីព