ព័ត៌មានអន្តរជាតិ

តុលាការកំពូល​កូរ៉េខាងត្បូង បញ្ជាក់ថា រូបសំណាកព្រះពុទ្ធ ដែលត្រូវបានចោរលួចនោះ ជាកម្មសិទ្ធិរបស់ប្រាសាទជប៉ុន

រូបភាពពី៖​ KYODO

សេអ៊ូល៖ តុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូង បានសម្រេច​ថា ព្រះពុទ្ធបដិមាមួយអង្គ ដែលត្រូវបានលួចពីប្រាសាទជប៉ុនកាលពីឆ្នាំ២០១២ ជាកម្មសិទ្ធិរបស់ប្រាសាទនេះ ដោយបានច្រានចោលការអះអាងរបស់ប្រាសាទកូរ៉េខាងត្បូងចំពោះកម្មសិទ្ធិរបស់ខ្លួន។

ការសម្រេចចិត្តលើរូបសំណាកសតវត្សរ៍ទី១៤ បានធ្វើតាមការសម្រេចស្រដៀងគ្នាដោយតុលាការជាន់ខ្ពស់ Daejeon កាលពីខែកុម្ភៈ។ រូបសំណាក​នេះ​ត្រូវ​ចោរជាជនជាតិ​កូរ៉េ​ខាង​ត្បូង​លួច ហើយត្រូវបាន​យក​មក​វិញ​ដោយ​អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង ​ក្នុង​ឆ្នាំ២០១៣។

សេចក្តីសម្រេចរបស់តុលាការកំពូល ធ្វើឡើងចំពេលដែលទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង មានភាពប្រសើរឡើង បន្ទាប់ពីទីក្រុងសេអ៊ូល បានសន្យាថា នឹងដោះស្រាយវិវាទការងារក្នុងសម័យសង្គ្រាមដ៏រ៉ាំរ៉ៃជាមួយទីក្រុងតូក្យូ។

ក្នុងឆ្នាំ២០១៧ តុលាការស្រុក Daejeon បានបញ្ជាឱ្យយករូបសំណាក ដែលលួចពីប្រាសាទ Kannonji ដែលជាប្រាសាទនៅលើកោះ Tsushima របស់ប្រទេសជប៉ុន ក្នុងខេត្តណាហ្គាសាគី ឱ្យប្រគល់ទៅឱ្យប្រាសាទ Buseok ក្នុងទីក្រុង Seosan ភាគនិរតីនៃទីក្រុងសេអ៊ូល ដែលនាំឱ្យទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ទៅៗ។

ប្រាសាទ​កូរ៉េ​ខាង​ត្បូង ​បាន​អះអាង​ថា ​រូប​សំណាក​នេះ​ត្រូវ​បាន​ចោរ​សមុទ្រ​ជប៉ុន ​លួច​ពី​រាប់រយ​ឆ្នាំ​មុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top