ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញឲ្យរដ្ឋមូស្លីម បញ្ឈប់ការនាំចេញប្រេង ទៅកាន់អ៊ីស្រាអែល ចំពេលមានជម្លោះនៅតំបន់ហ្គាហ្សា

រូបភាពពី៖​ AFP

តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានជំរុញឱ្យរដ្ឋាភិបាលមូស្លីមរួបរួមគ្នា និងទាមទារឱ្យបញ្ចប់ជាបន្ទាន់ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ដោយកាត់ផ្តាច់ប្រេង និងការនាំចេញផ្សេងទៀត និងផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីស្រាអែល។

លោក Ali Khamenei បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំជាមួយនិស្សិតនៅទីក្រុងតេអេរ៉ង់ ៣ថ្ងៃមុនខួបនៃការកាន់កាប់ស្ថានទូតអាមេរិកឆ្នាំ១៩៧៩ ដោយនិស្សិតអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់លោក។

លោកក៏បានអំពាវនាវឱ្យរដ្ឋមូស្លីមថ្កោលទោស ចំពោះសកម្មភាពរបស់អ៊ីស្រាអែល និងបានរិះគន់សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ចំពោះជំហររបស់ពួកគេលើជម្លោះអ៊ីស្រាអែល-ហាម៉ាស។

មេដឹកនាំអ៊ីរ៉ង់រូបនេះ បានបន្ដថា “របាំងក្លែងក្លាយនៃសិទ្ធិមនុស្ស ដែលពាក់ដោយជនជាតិលោកខាងលិច ត្រូវបានដកចេញ” ។ ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៨,៥០០ នាក់នៅតំបន់ហ្គាហ្សា និងយ៉ាងហោចណាស់ ១,៤០០ នាក់អ៊ីស្រាអែល នេះបើយោងតាមតួលេខផ្លូវការពីភាគីទាំងពីរ។

កាលពីថ្ងៃទី០៧ ខែតុលា ក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល ដោយបានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ និងជ្រៀតចូលទឹកដីអ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែល បានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាស ប្រតិបត្តិការជើងគោក និងវិធានការដាក់ទណ្ឌកម្ម ដែលរួមមានការឡោមព័ទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីប៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top