ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​​ គ្រោង​ផលិត​ ប្រព័ន្ធ​ការពារ​អាកាស ​ដែលមាន រយៈចម្ងាយ ១០០​គីឡូម៉ែត្រ

Defense Ministry

គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយបានដកស្រង់សម្តី មន្ត្រីក្រសួងការពារជាតិ ជាន់ខ្ពស់ម្នាក់ថា ប្រទេសអ៊ុយក្រែន បានកំណត់ផែនការផលិត ប្រព័ន្ធការពារដែនអាកាស ដែលមានសមត្ថភាពស្ទាក់ចាប់ ការគំរាមកំហែង ពីលើអាកាសនៅចម្ងាយ ១០០ គីឡូម៉ែត្រ ។

លោក Ivan Havryliuk អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានឲ្យដឹងថា នៅឆ្នាំក្រោយ អ៊ុយក្រែននឹងផ្តោតលើការផលិតប្រព័ន្ធការពារដែនអាកាសប្រភេទ Koral ដែលមានរយៈចម្ងាយឆ្ងាយជាង ១០០គីឡូម៉ែត្រ រួមជាមួយនឹងប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះចល័ត។

លោក Havryliuk បានលើកឡើងថានៅឆ្នាំ២០២៤ អ៊ុយក្រែននឹងបែងចែកប្រាក់សរុបចំនួន ១៧៥ពាន់លាន hryvnias (ប្រហែល ៤,៨ ពាន់លានដុល្លារអាមេរិក) សម្រាប់ការទិញមីស៊ីល និងគ្រាប់រំសេវចំពេលមានជម្លោះជាមួយរុស្ស៊ី។

បង្កើតឡើងដោយការិយាល័យរចនា Luch, ប្រព័ន្ធមីស៊ីល Koral គឺជាមីស៊ីលប្រឆាំងយន្តហោះ ដែលមានសមត្ថភាពបំផ្លាញយន្តហោះ ឧទ្ធម្ភាគចក្រ កាំជ្រួចធ្វើដំណើរ កាំជ្រួចផ្លោង និងយន្តហោះដ្រូន។ គំរូដើមរបស់កាំជ្រួច Koral ត្រូវបានដាក់បង្ហាញជាសាធារណៈលើកដំបូងក្នុងឆ្នាំ២០២១។

គួរបញ្ជាក់ថា បច្ចុប្បន្នអ៊ុយក្រែន ពឹងផ្អែកភាគច្រើនលើប្រព័ន្ធការពារ ដែនអាកាសបរទេស ដើម្បីការពារផ្ទៃមេឃពីមីស៊ីល និងយន្តហោះដ្រូន៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top