មីយ៉ាន់ម៉ា ៖ របាយការណ៍ថ្មីមួយរបស់ការិយាល័យ អង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានប្រាប់ឲ្យដឹងថា មីយ៉ាន់ម៉ាបានក្លាយ ជាមជ្ឈមណ្ឌលផលិតកម្ម អាភៀនដ៏ធំបំផុតរបស់ពិភពលោក ក្នុងឆ្នាំ ២០២៣ ដោយបានវ៉ាដាច់ប្រទេសអាហ្វហ្គានីស្ថាន យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
ចេញផ្សាយកាលពីថ្ងៃអង្គារ ការចេញផ្សាយ របស់អង្គការ សហប្រជាជាតិរាយការណ៍ថា ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣២ ផលិតកម្មដំណាំខុសច្បាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើង ១៨ ភាគរយដល់ចំនួនសរុប ៤៧,១០០ ហិកតាដែលកំពុងត្រូវបានដាំដុះ។ អ្នកតំណាងប្រចាំតំបន់របស់ UNODC លោក Jeremy Douglas បាននិយាយថា ការរំខានផ្នែកសេដ្ឋកិច្ច សន្តិសុខ និងអភិបាលកិច្ច បន្ទាប់ពីការកាន់កាប់ដោយយោធានៅខែកុម្ភៈ ឆ្នាំ ២០២១ បន្តជំរុញកសិករនៅតំបន់ដាច់ ស្រយាលទៅរកអាភៀនដើម្បីចិញ្ចឹមជីវិត ។
លោកបានកត់សម្គាល់ថា ការកើនឡើងនៃជម្លោះ នៅរដ្ឋភាគខាងជើងនៃShan និងតំបន់ព្រំដែនផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងបង្កើនល្បឿននៃនិន្នាការនេះ។ យោងតាម UNODC ថា តំបន់ដាំអាភៀនបានពង្រីកភាគច្រើនក្នុងតំបន់ព្រំដែនរបស់មីយ៉ាន់ម៉ានៅរដ្ឋ Shan ភាគខាងជើងដែលជាប់ព្រំដែនប្រទេសចិន ឡាវ និងថៃ ។
តាមសេចក្តីរាយការណ៍ ដោយសារការអនុវត្តកសិកម្មកាន់តែទំនើបថា រដ្ឋ Chin និង Kachin បានបន្តបន្ទាប់ ដោយសារទិន្នផលកើនឡើង ១៦ភាគរយដល់ ២២.៩ គីឡូក្រាមក្នុងមួយហិកតា។ កសិករមីយ៉ាន់ម៉ាសរុបទទួលបានប្រហែល ៧៥ ភាគរយបន្ថែមទៀតនៅឆ្នាំនេះពីការធ្វើកសិកម្មអាភៀន ដោយសារតម្លៃជាមធ្យមបានបង់សម្រាប់ដំណាំបានកើនឡើងដល់ប្រហែល ៣៥៥ ដុល្លារក្នុងមួយគីឡូក្រាម។
ការកើនឡើងនៃផលិតកម្មអាភៀនរបស់ប្រទេសមីយ៉ាន់ម៉ាបានកើតឡើង នៅពេលទិន្នផលនៅប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ចុះប្រមាណ ៩៥ ភាគរយមកនៅប្រហែល ៣៣០ តោន បន្ទាប់ពីការហាមឃាត់របស់ពួកតាលីបង់លើការដាំដុះអាភៀនកាលពីខែមេសាឆ្នាំមុន។
អាហ្វហ្គានីស្ថានពីមុនគឺជាប្រទេសផលិតអាភៀនលំដាប់កំពូលរបស់ពិភពលោក ដោយផ្តល់ជាង ៨០ ភាគរយ នៃការផ្គត់ផ្គង់ពិភពលោក និងជាប្រភពសំខាន់នៃហេរ៉ូអ៊ីនទាំងនៅអឺរ៉ុប និងអាស៊ី ៕
ដោយ៖លី ភីលីព