កីឡា

បណ្ឌិត មាស សារិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រូឧទ្ទេស បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្តុះបណ្តាល ដល់មន្ត្រីបច្ចេកទេសសហព័ន្ធ

ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលគណៈកម្មការ រៀបចំការប្រកួតកីឡា ទាញព្រ័ត្រ បានបិទបញ្ចប់ ដោយជោគជ័យ ដោយមានការអញ្ជើញជាកិត្តិយស ពីសំណាក់លោកបណ្ឌិត មាស សារិន ទីប្រឹក្សាសម្ដេចវិបុលសេនាតក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង ជាប្រធានសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា នៅល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បន្ទាប់ពីដំណើរ ការអស់រយៈពេល៦ថ្ងៃ ។

លោកបណ្ឌិត មាស សារិន មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៦ថ្ងៃក៏ពិតមែន ប៉ុន្តែបានធ្វើឲ្យសិក្ខាកាមទាំងអស់ យស់ដឹងអំពីបច្ចេកទេស ក្នុងការរៀបចំការ ប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសសម្រាប់ត្រៀម រៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជន អាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។
លោកបណ្ឌិតក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រូឧទ្ទេស បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្តុះបណ្តាល ដល់មន្ត្រីបច្ចេកទេសសហព័ន្ធ និងបានកោតសរសើរ ចំពោះសិក្ខាកាមទាំងអស់ បានមកចូលរួមរៀនវគ្គបណ្តុះបណ្តាល នេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងស្មារតី មិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តទៅចប់ដោយរលូន និងទទួលបានជោគជ័យ ។

លោក ចាប រតនា អគ្គលេខាធិការ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានជម្រាបជូនថា យោងតាមផែនការកសាងធនធាន មនុស្សប្រកបដោយគុណផល និងប្រសិទ្ធភាពខ្ពស់ ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ជាគោលការណ៍ពីឯកឧត្តមបណ្ឌិត ប្រធានសហព័ន្ធឱ្យសហព័ន្ធ ក្នុងការរៀបចំបើកវគ្គបណ្តុះបណ្តាល គណៈកម្មការរៀបចំការ ប្រកួតកីឡាទាញព្រ័ត្រ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

សិក្ខាកាមចូលរួមវគ្គនេះមាន ចំនួនសរុប ៥១នាក់ (បុរស ២៨នាក់ និងនារី ២៣នាក់) ហើយឆ្លងតាមការសិក្សា រយៈពេល០៦ថ្ងៃកន្លងមក ឃើញថាសិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់ពី គោលបំណងនៃវគ្គ ទាំងទ្រឹស្ដី ការធ្វើតេស្តសាកល្បង និងការវាយតម្លៃ ដោយគ្រូឧទ្ទេសសិក្ខាកាម គឺល្អណាស់ ២០ភាគរយ ល្អ ៤០ភាគរយ មធ្យម ៣០ភាគរយ និងខ្សោយ ១០ភាគរយ ។

លោក ចាប រតនា ក៏បានបង្ហាញពីចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងនោះវគ្គបានរៀបចំផែនការកម្មវិធី ឯកសារបណ្តុះបណ្តាលបានល្អបានការយកចិត្តទុកដាក់ខិតខំព្យាយាម ចូលរួមសិក្សាពីសិក្ខាកាម ហើយវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅតាមការគ្រោងទុក ទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡាទាន់ពេលវេលា ហើយសិក្ខាកាមមានការយកចិត្តទុកដាក់ទទួលបានចំណេះដឹងបន្ថែម និងទទួលខុសត្រូវខ្ពស់៕
ដោយ៖លី ភីលីព

Most Popular

To Top