អង់ការ៉ា ៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា ប្រទេសតួកគី កំពុងប្រឈមនឹងសម្ពាធ កាន់តែខ្លាំងពីសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការចូលជាសមាជិក របស់ស៊ុយអែត ក្នុងអង្គការណាតូ ប៉ុន្តែទីក្រុងអង់ការ៉ា កំពុងរក្សាសច្ចាប័នដោយទាមទារឱ្យមានលក់យន្តហោះចម្បាំង F-16 ។
កាលពីថ្ងៃទី១៤ ខែធ្នូ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគី អាមេរិកលោក ចូ បៃដិន បាននិយាយតាមទូរស័ព្ទ អំពីពាក្យសុំចូលជាសមាជិកណាតូ របស់ប្រទេសស៊ុយអែត ដែលត្រូវបានពន្យារពេល ជាងមួយឆ្នាំដោយសារតែការប្រឆាំង របស់ទីក្រុងអង់ការ៉ា។
លោក Erdogan បានប្រាប់អ្នកសារព័ត៌មាននៅសប្តាហ៍នេះថា ការលក់យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក ទៅឱ្យតួកគី និងការដកទណ្ឌកម្មអាវុធ របស់កាណាដា អាចជួយសភាតួកគី ឱ្យផ្តល់សច្ចាប័នលើការដេញថ្លៃ សមាជិកភាពអង្គការណាតូ របស់ប្រទេសស៊ុយអែត។
បន្ទាប់ពីរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធា របស់ខ្លួននៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យសុំចូលជា សមាជិកណាតូក្នុងខែឧសភា ឆ្នាំ២០២២។ ការដេញថ្លៃទាំងពីរត្រូវបានបដិសេធដោយទីក្រុងអង់ការ៉ា ដែលអះអាងថា ពួកគេកំពុងគាំទ្រក្រុមបំបែកខ្លួនប្រឆាំងតួកគី និងក្រុមឃឺដ។
កាលពីខែមីនា សភារបស់ប្រទេសតួកគី បានអនុម័តច្បាប់មួយ ដើម្បីអនុញ្ញាតឱ្យប្រទេសហ្វាំងឡង់ចូលរួមជាមួយអង្គការណាតូ ដោយបានជម្រះផ្លូវសម្រាប់ប្រទេសនេះ ដើម្បីក្លាយជាសមាជិករបស់ណាតូក្នុងខែមេសា។
ទោះជាយ៉ាងណាក៏ដោយ តួកគី បានបន្តដើរយឺតក្នុងការចូលប្រទេសស៊ុយអែត ដោយចង្អុលទៅព្រឹត្តិការណ៍បង្កហេតុ ដូចជាការតវ៉ាដុតគម្ពីគូរ៉ា និងបាតុកម្មប្រឆាំងតួកគី នៅក្នុងប្រទេស Nordic ជាដើម៕
ប្រែសម្រួល ឈូក បូរ៉ា