ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសជប៉ុន ធ្វើទស្សនកិច្ច នៅអ៊ុយក្រែន សន្យាផ្តល់ជំនួយ ៣៧លានដុល្លារ តាមរយៈអង្គការណាតូ

រូបភាពពី៖​ Kyodo

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានធ្វើទស្សនកិច្ចដោយមិនប្រកាសនៅអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ដោយសន្យាផ្តល់វិភាគទានចំនួន ៣៧ លានដុល្លារដល់មូលនិធិណាតូ ដើម្បីផ្តល់ជំនួយបន្ថែម សម្រាប់ការការពារប្រទេសអឺរ៉ុបខាងកើតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែលកំពុងបន្ត។

លោកស្រី Kamikawa ដែលមកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ជាលើកដំបូងចាប់តាំងពីបានចូលកាន់តួនាទីក្នុងខែកញ្ញា បាននិយាយថា ប្រទេសជប៉ុន នឹងផ្តល់ប្រព័ន្ធរាវរកយន្តហោះគ្មានមនុស្សបើក និងជំនួយផ្សេងទៀតតាមរយៈការផ្តល់មូលនិធិចុងក្រោយបំផុតក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងគៀវ ជាមួយសមភាគីអ៊ុយក្រែន លោក Dmytro Kuleba​ បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេ។

លោកស្រី Kamikawa បានបន្ថែមថា ទីក្រុងតូក្យូក៏នឹងផ្តល់ឲ្យទីក្រុងគៀវ នូវម៉ាស៊ីនភ្លើងទួរប៊ីនឧស្ម័នចល័តចំនួន ៥ ដើម្បីជួយប្រជាជនអ៊ុយក្រែន ស៊ូទ្រាំនឹងរដូវរងាដ៏អាក្រក់ ដោយបង្ហាញពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់ប្រទេសលោកស្រីក្នុងការ​បន្តគាំទ្រអ៊ុយក្រែន ដើម្បីឱ្យសន្តិភាពអាចស្តារឡើងវិញបាន​។

ដំណើរទស្សនកិច្ចរបស់លោកស្រី ធ្វើឡើងនៅមុនសន្និសីទ ដែលប្រទេសទាំងពីរនឹងធ្វើឡើងនៅទីក្រុងតូក្យូនៅថ្ងៃទី១៩ ខែកុម្ភៈ ក្នុងគោលបំណងពិភាក្សាអំពីការកសាងឡើងវិញនៃអ៊ុយក្រែន ដែលបានទទួលរងការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈឆ្នាំ២០២២។

លោកស្រី Kamikawa ដែលបានទៅដល់អ៊ុយក្រែន តាមរថភ្លើងពីប៉ូឡូញបានរំលឹកឡើងវិញនូវការថ្កោលទោសរបស់ប្រទេសជប៉ុន ចំពោះប្រទេសរុស្ស៊ី ចំពោះការទម្លាក់គ្រាប់បែករបស់ខ្លួនដោយប្រើមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកហើយបានប្តេជ្ញាថានឹងជួយដល់អ៊ុយក្រែនក្នុងការកសាងជម្រកនិងការផ្តល់សេវាអប់រំនិងវេជ្ជសាស្រ្តសម្រាប់ស្ត្រី និងកុមារ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top