វ៉ាស៊ីនតោន៖ មន្ទីរពេទ្យយោធាបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកក្រពេញប្រូស្តាត ហើយការចូលសម្រាកនៅមន្ទីរពេទ្យរបស់លោក ចាប់តាំងពីដើមឆ្នាំនេះមក គឺដោយសារតែការឆ្លងបន្ទាប់ពីការវះកាត់ ដើម្បីព្យាបាលជំងឺនេះ។
មន្ត្រីជាន់ខ្ពស់សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មិនបានដឹងនោះទេថា លោក Austin មានជំងឺមហារីក “រហូតដល់ព្រឹកនេះ” ហើយថាមូលហេតុដើមនៃការចូលមន្ទីរពេទ្យរបស់លោក គឺសារតែលោកមានជំងឺ។
ការប្រកាសរបស់វេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed ជាកន្លែងដែលលោក Austin បានសម្រាកនៅមន្ទីរពេទ្យចាប់តាំងពីថ្ងៃទី០១ ខែមករា ហើយការឆ្លើយតបរបស់សេតវិមាន បានកើតឡើងនៅពេលដែលលោក និងមន្ទីរបញ្ចកោណត្រូវបានរិះគន់អស់រយៈពេលជាច្រើនថ្ងៃដោយមិនបានរាយការណ៍ពីមន្ទីរពេទ្យរបស់លោកទៅ លោក បៃដិន ឬជូនដំណឹងដល់សាធារណជន។
អ្នកនាំពាក្យសេតវិមាន លោក John Kirby បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “គ្មាននរណាម្នាក់នៅសេតវិមានបានដឹងថា លោក Austin មានជំងឺមហារីកក្រពេញប្រូស្តាត រហូតដល់ព្រឹកនេះ ហើយប្រធានាធិបតី ត្រូវបានជូនដំណឹងភ្លាមៗ” ។
ខណៈពេលដែលកត់សម្គាល់ថា លោក បៃដិន មានទំនុកចិត្តលើលោក Austin ដោយក្នុងនោះលោក Kirby បានទទួលស្គាល់ថា “វាមិនសមហេតុផល សម្រាប់ស្ថានភាពបែបនេះទេ ដរាបណាវាបានធ្វើដោយគ្មានមេបញ្ជាការដឹងអំពីវា ឬទីប្រឹក្សាសន្តិសុខជាតិដឹងអំពីវា ឬ និយាយត្រង់ទៅថ្នាក់ដឹកនាំផ្សេងទៀតនៅក្រសួងការពារជាតិ”៕ ប្រែសម្រួល ឈូក បូរ៉ា