កីឡា

លោកស្រី ហង់ ស៊ីមន ​៖ សហព័ន្ធកីឡារាំកម្ពុជា ទទួលបានលទ្ធផលផ្លែផ្កា ជាច្រើនក្នុងមហាសន្តិបាត សហព័ន្ធកីឡារាំអាស៊ីនៅចិន

ចិន ៖ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ នៃសហព័ន្វកីឡារាំកម្ពុជា បានមានប្រសាសន៍ ពីប្រទេសចិនថា ការចូលរួមកិច្ចប្រជុំមហាសន្តិបាត សហព័ន្ធកីឡារាំអាស៊ីប្រចាំឆ្នាំ ២០២៣ “ 2023 DanceSport Asia” នៅទីក្រុង Chengdu ប្រទេសចិន របស់សហព័ន្ធកីឡារាំកម្ពុជា ទទួលបានលទ្ធផលផ្លែផ្កា ជាច្រើនក្នុងមហាសន្តិបាត ដោយប្រធានសហព័ន្ធចាស់ជនជាតិចិន នៅបន្តកាន់តំណែងជាប្រធាន សហព័ន្ធកីឡារាំអាស៊ីដដែល ក្រោមការបោះឆ្នោតតែងតាំងរូបលោក ។

លោកអគ្គលេខាធិការថា ប្រធានសហព័ន្ធកីឡារាំអាស៊ី បានលើកឡើងពីប្រទេសកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAME 2023 លើកទី៣២ ចំណែកសហព័ន្ធកីឡារាំទំាង ១៤ ប្រទេសផ្សេងៗទៀត បានកោតសរសើរប្រទេសកម្ពុជា ដោយការប្រកួតប្រព្រឹត្តទៅ ដោយរលូនបានល្អប្រសើរទៀត ហើយ ។

ក្នុងនាមអគ្គលេខាធិការ នៃសហព័ន្វកីឡារាំកម្ពុជា លោកស្រីបានស្នើសុំប្រធាន សហព័ន្ធកីឡារាំអាស៊ី ជួយផ្នែកបច្ចេកទេស គ្រូបង្វឹកជួយបង្វឹកហាត់ ដល់ក្រុមកីឡាករ-កីឡាការិនីរាំកម្ពុជា ដើម្បីត្រៀមខ្លួនការប្រកួតកម្រិតអន្តរជាតិឆ្នាំ ២០២៤ និងព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAME 2025 លើកទី៣៣ នៅប្រទេសថៃខាងមុខនេះដែរ ។

លោកស្រី ស៊ីមន បានបន្ថែមទៀតថា សហព័ន្ធកីឡារាំចិន នៅតែបន្តសហការជាមួយ សហព័ន្ធកីឡារាំកម្ពុជា ដោយទទួលយកក្រុម កីឡាករ-កីឡាការិនី រាំកម្ពុជា មកធ្វើការហ្វឹកហាត់ នៅប្រទេសចិន ប៉ុន្តែលោកស្រី ក៏ស្នើសុំឲ្យភាគីចិនបញ្ជូន គ្រូបង្វឹកមកប្រទេសកម្ពុជាវិញ ដោយសារក្រុមកីឡាករ-កីឡាការិនីរាំកម្ពុជា យើង ជាសិស្ស និងនិស្សិតពិបាកនឹងមកធ្វើការហ្វឹកហាត់នៅប្រទេស ។

ការហ្វឹកហាត់នៅកម្ពុជាវិញ បានជួយឲ្យក្រុមកីឡាករ-កីឡាការិនីរាំកម្ពុជាមានភាពងាយស្រួលខ្លាំងដោយពួកគេមានឱកាសហ្វឹកហាត់ និងការសិក្សាជាប់លាក់ដូច្នេះពួកគេបានទំាងការហ្វឹកហាត់ និងការសិក្សាបន្តនៅវិទ្យាល័យ និងសកល ព្រោះក្រុមកីឡាករ-កីឡាការិនីរាំកម្ពុជាជាសិស្ស និងនិស្សិតភាគច្រើន ។

Most Popular

To Top