កីឡា

លោក គុជ គីមឡុង ៖ វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡា អុកចត្រង្គ ធ្វើឡើងដើម្បីអភិរក្ស និងអភិវឌ្ឍកីឡាកេរដំណែល ដូនតាខ្មែរ ឲ្យកាន់តែល្បីល្បាញ

ភ្នំពេញ ៖ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងលោក ទុយ ប៊ុនហឿន អនុប្រធាន នាយកដ្ឋាន អប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញ ចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាអុកចត្រង្គ កម្រិតជាតិ នៅសាលប្រជុំគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក គុជ គីមឡុង មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាអុកចត្រង្គកម្រិតជាតិ ត្រូវបានប្រារព្ធធ្វើឡើង ក្នុងគោលបំណងបង្កើនសមត្ថភាព និងបរិមាណគ្រូកម្រិតជាតិ សម្រាប់បង្ហាត់បង្រៀន អ្នកជំនាន់ក្រោយឱ្យកាន់តែមានភាពរីកចម្រើន ដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យកីឡាអុកចត្រង្គ ដែលជាកេរដំណែល របស់ដូនតានៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវលទ្ធផលល្អ ។
វគ្គនេះត្រូវបានរៀបចំជាលើកទី២ របស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំវគ្គនេះឡើង ដើម្បីបន្តដំណើរការអភិវឌ្ឍ នៃវិស័យកីឡាប្រពៃណីជាតិខ្មែរមួយនេះ ឲ្យមានគុណភាពបន្ថែមទៀត ។

លោកប្រធានបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា គោលបំណងសំខាន់នៃការបង្កើតសហព័ន្ធកីឡា អុកចត្រង្គកម្ពុជា គឺដើម្បីរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍកីឡាអុកចត្រង្គ ដែលជាកេរមរតកពីដូនតាខ្មែរយើង ដើម្បីឱ្យកូនចៅជំនាន់ក្រោយ បានយល់ដឹង ថែរក្សាទុក និងដើម្បីផ្សព្វផ្សាយទៅកាន់ បណ្តាលប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក ។

លោកបានរម្លឹថា សម្រាប់សកម្មភាព ឆ្នាំ២០២៣ សហព័ន្ធបានចូលរួមប្រកួតក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយទទួលបានលទ្ធផលល្អ គឺទទួលបានមេដាយមាស ១ មេដាយប្រាក់ចំនួន០៤ និងមេដាយសំរឹទ្ធ១គ្រឿង ។ ជាគោលដៅបន្ទាប់ សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡា អុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ត្រៀមចូលរួមរៀបចំការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ និងត្រៀមរៀបចំការប្រកួតជ្រើសរើសជើងឯកតាមក្លឹប (ខេត្តកោះកុង ខេត្តកំពត និងរាជធានីភ្នំពេញ) ដោយទាំងអស់នេះ គឺជាសមិទ្ធផលដែលសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាសម្រេចបានក្នុងពេលកន្លងមក និងគោលដៅបន្តការអភិវឌ្ឍបន្ថែមទៀត ។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងដោយមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ប្រភេទកីឡាអុកចត្រង្គត្រូវបានបង្កើតឡើង ដើម្បីចូលរួមលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាដូនតាប្រពៃណីជាតិខ្មែរ ឱ្យកាន់តែមានភាពរីកចម្រើន ទើបសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីស្របតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួនឱ្យទទួលបានជោគជ័យ»។

វគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាអុកចត្រង្គកម្រិតជាតិ ឆ្នាំ២០២៣ បានដំណើរចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយបានទទួលថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ២៦នាក់ មកពី១៧ក្លឹបជាសមាជិករបស់សហព័ន្ធ។ វគ្គបណ្តុះបណ្តាលនេះដឹកនាំដោយលោកគ្រូ ប៊ិន គាសេង និងលោកគ្រូ ហួយ សូណា ។

យោងតាមរបាយការណ៍ពីលោកគ្រូឧទ្ទេសប្រចាំវគ្គការសិក្សាអស់រយៈពេល៥ថ្ងៃដោយមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយភាពទទួលខុសត្រូវ គឺទទួលបានលទ្ធផលនិទ្ទេសល្អ ១៩នាក់ និទ្ទេសល្អបង្គួរចំនួន ០៥នាក់ និទ្ទេសមធ្យមចំនួន ០២នាក់។
វគ្គបណ្តុះបណ្ដាលគ្រូបង្វឹកកម្រិតជាតិនេះត្រូវបានគណៈគ្រប់គ្រងវគ្គចាត់ទុកថាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការពង្រឹង និងពង្រីកធនធានមនុស្ស ក៏ដូចជាការចែករំលែកនូវចំណេះជំនាញដល់អ្នកជំនាន់ក្រោយ ដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យកីឡាអុកចត្រង្គ ដែលជាកេរដំណែលរបស់ដូនតាឱ្យទទួលបាននូវលទ្ធផលល្អ៕

Most Popular

To Top