កីឡា

ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហនុមានឈ្នះមេដាយមាស ច្រើនជាងគេ នៃការប្រកួតកីឡាការ៉ាតេ-ដូជើងឯកថ្នាក់ជាតិឆ្នាំ ២០២៣

ភ្នំពេញ៖ ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងការពារជាតិបន្តគ្រងតំណែងជើងឯកប្រចាំឆ្នាំ២០២៣ ខណៈក្រសួងសេដ្ឋីកិច្ចជើងឯករង ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងមហាផ្ទៃចំណាត់ថ្នាក់លេខ ៣ និងក្លិបកីឡាការ៉ាតេ-ដូ ហនុមានចំណាត់ថ្នាក់លេខ ៤ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៣ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជាតំណាងឲ្យលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជា នៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ក្លិបកីឡាការ៉ាតេ-ដូក្រសួងការពារជាតិដណ្តើមបានមេដាយមាស ១១ គ្រឿង មេដាយប្រាក់ ១០ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿងគ្រងតំណែងជើងឯក ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមបានមេដាយមាស ៧ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ១០ គ្រឿង ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ៧ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ក្លិបកីឡាការ៉ាតេ-ដូ ហនុមាន ដណ្តើមបានមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរិទ្ធ ៩ គ្រឿង និងក្លិបកីឡាការ៉ាតេ-ដូ សាកលវិទ្យាល័យ ផារ៉ាហ្គនដណ្តើមបានមេដាយមាស២ និងមេដាយសំរិទ្ធ ៤ គ្រឿង។

ក្លិបកីឡាការ៉ាតេ-ដូ សនិ្តភាព ព្រះសីហនុ ដណ្តើមបានមេដាយមាស២ និងមេដាយសំរិទ្ធ ៤ គ្រឿង ក្លិបកីឡាការ៉ាតេ-ដូ សុវណ្ណភូមិ អូឡាំពិកដណ្តើមបានមេដាយមាស១ និងមេដាយប្រាក់ ៤ គ្រឿង ក្លិបកីឡាការ៉ាតេ-ដូ ខេត្តបាត់ដំបងដណ្តើមបានមេដាយមាស១ មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង និង ក្លិបកីឡាការ៉ាតេ-ដូ តុងហ្វាងដណ្តើមបានមេដាយមាស១ មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង។

ការប្រកួតជើងឯកឆ្នាំនេះមានក្រុមកីឡាករ-កីឡាការិនីការ៉ាតេ-ដូចំនួន ២២៣ នាក់ ក្នុងនោះកីឡាករមានចំនួន ១៣០ នាក់ កីឡាការិនីចំនួន ៩៣ នាក់ គ្រូបង្វឹកមានចំនួន ៥៣ នាក់ ប្រតិភូដឹកនាំមានចំនួន ៣៥ មកពីក្លិប និងសមាគមកីឡាការ៉ាតេ-ដូចំនួន ២៥ នៅទូទាំងប្រទេសកម្ពុជា៕ ដោយ៖លី ភីលីព

Most Popular

To Top