ព័ត៌មានអន្តរជាតិ

តួកគី បើក​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​ឃឺដ​នៅ​ភាគខាងជើងអ៊ីរ៉ាក់ និងស៊ីរី ប្រែសម្រួល ឈូក បូរ៉ា

អង់ការ៉ា៖ ក្រសួងការពារជាតិតួកគី បានឲ្យដឹងថា តួកគីបានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងពួកសកម្មប្រយុទ្ធឃឺដ នៅភាគខាងជើងប្រទេសស៊ីរី និងភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដើម្បីជាការសងសឹក ចំពោះការសម្លាប់ទាហានតទកគី ៩នាក់នាពេលថ្មីៗនេះ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រតិបត្តិការផ្លូវអាកាសត្រូវបានធ្វើឡើងលើគោលដៅភេរវករនៅក្នុងតំបន់ Metina, Hakurk, Gara និង Qandil” នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ រួមជាមួយនឹងគោលដៅផ្សេងទៀតនៅភាគខាងជើងប្រទេសស៊ីរី។

ការវាយប្រហារបានវាយប្រហារលើគោលដៅចំនួន ២៩ រួមទាំង “រូងភ្នំ លេណដ្ឋាន ជម្រក និងកន្លែងដំឡើងប្រេង” ដែលជាកម្មសិទ្ធិរបស់គណបក្សពលករឃឺដ (PKK) នៅក្នុងប្រទេសអ៊ីរ៉ាក់ និងអង្គភាពការពារប្រជាជនឃឺដ (YPG) នៅក្នុងប្រទេសស៊ីរី។

ប្រតិបត្តិការ​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ទាហាន​តួកគី ៥នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​របស់ PKK នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​យប់​ថ្ងៃ​សុក្រ។ ការ​វាយ​ប្រហារ​នេះ​ក៏​បាន​ធ្វើ​ឱ្យ​មនុស្ស​៨​នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​នោះ ៤​នាក់​បាន​ស្លាប់​ក្រោយ​មក​ដោយ​សារ​របួស​ធ្ងន់។

ការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្របានផ្ទុះឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធ PKK ប៉ុនប៉ងជ្រៀតចូលមូលដ្ឋានតួកគីមួយនៅក្នុងតំបន់ “ប្រតិបត្តិការក្ដាប់-ចាក់សោ” នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់សមាជិក PKK ចំនួន ២៣ នាក់ត្រូវបាន “អព្យាក្រឹត” នៅក្នុងប្រទេសអ៊ីរ៉ាក់ ខណៈដែល ៩នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ីរី ដោយបន្ថែមថា ប្រតិបត្តិការប្រឆាំងនឹងពួកសកម្មប្រយុទ្ធឃឺដកំពុងបន្ត៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top