កីឡា

លោក ឈុន ចាន់ធូ ៖ មានតែការហ្វឹកហាត់ មួយមុខគត់ ដែលនាំយើង ទៅរកចំណាត់ថ្នាក់ជើង ឯកនៅគ្រប់ការប្រកួត

ភ្នំពេញ ៖ លោក ឈុន ចាន់ធូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា តំណាងឲ្យលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធ កីឡាលើកទម្ងន់កម្ពុជា និងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាលើកទម្ងន់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៣ នៅវិទ្យាល័យបឹងត្របែក ។

លោក ឈុន ចាន់ធូ បានមានប្រសាសន៍ថា តាមរបាយការណ៍បច្ចេកទេសរបស់លោក សំ សុខឃី អគ្គលេខាធិការ នៃសហព័ន្ធ និងជា ប្រធានគណៈរៀបចំ ការប្រកួត បានរាយការណ៍ថា ប្រតិភូកីឡាចូលរួមចំនួន ៩៨នាក់ រួមមានថ្នាក់ ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ ១១នាក់ អត្តពលិក ៥៧នាក់ កីឡាការិនី ២៣នាក់ និងមន្ត្រីបច្ចេកទេស ចំនួន៣០នាក់ ស្រី១៥នាក់ មកពីរាជធានី-ខេត្តចំនួន៥ និងក្រសួងចំនួន២ ដែលមានចំនួនកើនឡើងជាងមុន ។ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋគ្រប់រូបលេងកីឡា មួយប្រភេទយ៉ាងតិចប្រចាំជីវិត ។

ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ថវិកាគាំទ្រ ដល់សហព័ន្ធកីឡាជាតិ ចំនួន៤៨ ពិសេសមានសហព័ន្ធយើងផងដែរ ដែលផ្តោតលើ ៣ សកម្មភាព គឺកិច្ចការរដ្ឋបាល បណ្តុះបណ្តាលធនធានមនុស្ស និងការប្រកួតប្រចាំឆ្នាំ។
សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានរួមចំណែកអភិវឌ្ឍវិស័យកីឡាលើកទម្ងន់ដល់យុវជន មហាជន នៅគ្រប់រាជធានី-ខេត្ត ក្រោមម្លប់នៃសន្តិភាព ទូទាំងប្រទេស នៃការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចពុក បិតាសន្តិភាព ។

លោកអគ្គនាយករងបានបន្តថា ព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រឹត្តិការណ៍ដ៏ជោគជ័យ ដែលលើពិភពលោកពុំធ្លាប់មាន គឺការប្រកួតកីឡា SEA GAME លើកទី៣២ ឆ្នាំ២០២៣ ប្រតិភូ ចូលរួមគ្រប់ប្រទេសមិនចំណាយថវិកា សម្រាប់ប្រកួតមួយសេនឡើយ ជាលទ្ធផលកម្ពុជាទទួល បានមេដាយ ២៨២គ្រឿង ក្នុងនោះមានមេដាយមាស ៨១គ្រឿង ប្រាក់ ៧៤ និងសំរឹទ្ធិ ១២៧ គ្រឿង និងការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ មានមេដាយសរុប ចំនួន៧៣គ្រឿង រួម មានមេដាយមាស ៩គ្រឿង ប្រាក់ ១៩គ្រឿង និងសំរឹទ្ធិ ៤៥គ្រឿង ។

ស្របតាមផែនការយុទ្ធសាស្ត្រការ ប្រកួតកីឡា SEA GAME លើកទី៣២ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបញ្ជូនចាត់បញ្ជូនក្រុម កីឡាជមម្រើសជាតិ ចំនួន១០នាក់ ទៅហ្វឹកហាត់រយៈពេលវែង នៅប្រ ទេសមហាមិត្តចិនធ្វើឲ្យលទ្ធផលការហ្វឹកហាត់មានការប្រែប្រួល កើនឡើងគួរឲ្យកត់សម្គាល់ នេះជាទិស ដៅដ៏វែងឆ្ងាយមួយសម្រាប់យើងទាំងអស់គ្នា សម្រាប់ការប្រកួតកីឡាអូឡាំពិក ២០២៨ និង ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥ ពិសេសទិសដៅយុទ្ធ សាស្ត្រ នៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ កម្ពុជាធ្វើជា ម្ចាស់ផ្ទះ។

លោក ឈុន ចាន់ធូ បានបញ្ជាក់ថា មានតែការហ្វឹកហាត់មួយមុខគត់ ដែលនាំយើងទៅរកចំណាត់ថ្នាក់ជើងឯក នៅគ្រប់ការប្រកួត ពិសេសការប្រកួត លំដាប់ហ្គេម និងអូឡាំពិកបាន។ បើគ្មានការហ្វឹកហាត់ឲ្យបានច្បាស់លាស់ ត្រឹមត្រូវ ស្របទៅតាមទម្រង់ លក្ខខណ្ឌបច្ចេកទេស នៃប្រភេទ កីឡាលើកទម្ងន់នោះកូនៗ ក្មួយៗ មិនអាចចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតធំៗបានទេ។ ដូច្នេះ យើងត្រូវធ្វើការហ្វឹកហាត់ជាប្រចាំ និងទៀងទាត់ តាមពេលកំណត់ត្រឹមត្រូវ មានផែនការ គោលដៅនៃការហ្វឹកហាត់ មានកម្មវិធីច្បាស់លាស់ ជាពិសេសត្រូវមានគ្រូបង្វឹកដឹកដៃ ណែនាំពីគំរូ របៀបនៃការអនុវត្តបច្ចេកទេស ។

ហើយយើងទាំងអស់គ្នា រួមចំណែកប្រឆាំងការប្រើប្រាស់ដូប៉ា ក្នុងវិស័យ កីឡា ។ លទ្ធផលថ្ងៃនេះ ស្តែងចេញពីការខិតខំប្រឹងប្រែង របស់គណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធ មន្ត្រីបច្ចេកទេស លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី ទាំងអស់គ្នា ហើយយើងត្រូវត្រៀម លក្ខណៈបន្តទៀតផងដែរ សម្រាប់ការប្រកួតកីឡា សិស្សមធ្យមសិក្សា ការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ និងការប្រកួតអន្តរជាតិនានា៕

Most Popular

To Top