ព្រឹត្តិការណ៍

ម៉ាឡេស៊ី​​តែងតាំង​ស្ដេច​ថ្មី ដែល​នឹង​គ្រង រាជ្យ​​រយៈពេល ៥ឆ្នាំ

ប្រទេស​ម៉ាឡេស៊ី​មាន​ស្ដេច​ថ្មី​ហើយ ដែល​ស្ដេច​នោះ​មាន​ព្រះនាម​ ព្រះចៅ​ស៊ុលតង់អ៊ីប្រាហ៊ីម។ ព្រះអង្គ​ជា​ស៊ុលតង់​នៃ​រដ្ឋ​ចូហរ (Johor) ដែល​ជា​រដ្ឋ​ម៉ាឡេស៊ី ជាប់​នឹង​សិង្ហបុរី។

ព្រះចៅស៊ុលតង់​អ៊ីប្រាហ៊ីម​ បាន​គ្រងរាជ្យ​នៅ​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ២០២៤នេះ ។ ព្រះអង្គ​ជា​ស្ដេច​ស៊ុលតង់​ម៉ាឡេស៊ី​ ទី១៧ ដែល​គ្រងរាជ្យ​បន្ទាប់ ​ពី​ស្ដេច​ស៊ុលតង់​រដ្ឋ​ប៉េណាំង ព្រះចៅ Al-Sultan Abdullah Sultan Ahmad Shah។

ស្ដេច​ថ្មី​របស់​ម៉ាឡេស៊ី​ ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​សេដ្ឋី​រាប់​ពាន់​លាន​ដុល្លារ ដែល​មាន​ឡាន​ ម៉ូតូ​ទំនើប​ៗ។ ស្ដេច​ថ្មី​នេះ​ចង់​ក្លាយ​ជា​ស្ដេច​សកម្ម ដោយ​ព្រះអង្គ​ចង់​ ឱ្យ​ក្រុមហ៊ុន​ប្រេង​រដ្ឋ Petroliam Nasional និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ រាយការណ៍​ទៅ​ព្រះអង្គ ។

នៅ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ម៉ាឡេស៊ី ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ជា​រដ្ឋ​សហព័ន្ធ និង​ជា​ប្រទេស​រាជានិយមអាស្រ័យ​ធម្មនុញ្ញ។ រាជានិយម​ប្រទេស​នេះ​ដឹកនាំ​ដោយ​រាជវង្ស​ ៩ត្រកូល ដែល​ដឹកនាំ​រដ្ឋ​ទាំង៩ នៅ​ម៉ាឡេស៊ី ។

ស្ដេច​ម៉ាឡេស៊ី​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​ក្សត្រ​នៃ​រដ្ឋ​នីមួយៗ ហើយ​មាន​អាណត្តិ៥ឆ្នាំ។ នៅ​តាម​ច្បាប់​ ការ​ជ្រើសរើស​នេះ​ធ្វើ​ឡើង​តាម​ការ​បោះឆ្នោត តែ​តាម​ការ​ជាក់ស្ដែង ការ​ជ្រើសរើស​នេះ​ កើត​ចេញ​ពី​ការ​ដាក់​វេន​គ្នា៕

Most Popular

To Top