ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានលើកឡើងថា សហព័ន្ធកីឡា តេក្វាន់ដូ ITF កម្ពុជា ដែលខ្លាំង មិនមែនត្រឹមតែអាស្រ័យ ទៅក្បាច់គុនប៉ុណ្ណោះទេ គឺវាស្រ័យទៅលើបេះដូង សាមគ្គីភាពផ្ទៃក្នុងល្អ មានបញ្ញាស្មារតី ចិត្តទូលាយជាដើម ចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់ ។
នេះជាការលើកឡើង របស់លោកក្នុងកម្មវិធី ប្រកួតជ្រើសរើសកីឡាករ-កីឡាការិនី ជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅសាល នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីត្រៀមចូលរួមប្រកួត ជើងឯកអាស៊ី នៅប្រទេសឥណ្ឌា នាខែសីហា ឆ្នាំ២០២៤ខាងមុខ ។
លោក កែវ រ៉េមី គូសបញ្ជាក់ថា ដោយសារការលះបង់ខ្ពស់ និងការចេះស្រឡាញ់ សាមគ្គីភាពនេះហើយ ដែលជំរុញឲ្យប្រភេទ កីឡាតេក្វាន់ដូ ITF កម្ពុជា អាចឈរជើងបានជាប់រហូត បើទោះបីជាប្រឈមមុខ នឹងការលំបាកយ៉ាង ណាក៏ដោយ ក៏សហព័ន្ធនៅតែមានសក្តានុពល រួមទាំងថ្នាលយុវជន និងក្រុមកុមារបន្តវេនជាដើម។ កាលពីឆ្នាំមុន គ្រូបង្វឹកតេក្វាន់ដូ ITF មានចំនួន ៤នាក់ រីឯក្រុមជម្រើសជាតិមានចំនួន ២៣នាក់ ប៉ុន្តែនៅក្នុងឆ្នាំ២០២៤នេះ កាត់នៅសល់គ្រូបង្វឹក២នាក់ និង ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិនៅសល់ត្រឹម១៣នាក់ ។
ដូច្នេះ ដើម្បីជម្រុះឲ្យមានតម្លាភាព ត្រូវតេស្តសមត្ថភាព តាមរយៈការប្រកួតប្រជែងបង្ហាញសមត្ថភាព។ ឯកឧត្តម កែវ រ៉េមីបង្ហាញការសោកស្តាយ ដោយមិនចង់ ជម្រុះនោះទេ ដោយចង់រក្សានូវចំនួនគ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិ ឱ្យបានច្រើនដូចកាលពីឆ្នាំកន្លងទៅ ។
ប្រធានសហព័ន្ធបានបន្តថា កន្លងមក សហព័ន្ធកីឡាតេក្វាន់ដូ ITF គឺជាសហព័ន្ធ មួយដែលខ្លាំង ចង់ពង្រីកសក្តានុពល ទាំងគុណភាព និងបរិមាណ ប៉ុន្តែនៅឆ្នាំ២០២៤នេះ យើងមានការ សោកស្តាយ ប៉ុន្តែយើងត្រូវគោរពទៅ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការកាត់បន្ថយនេះ យើងត្រូវធ្វើឡើងឲ្យមានភាពយុត្តិធម៌បំផុត ដោយមិនជជែកគ្នាតែក្នុងក្រុមគ្រូបង្វឹក លក្ខណៈបិទទ្វារហើយកាត់បន្ថយចំនួនគ្រូ និងក្រុមជម្រើសជាតិតែម្តងនោះទេ។ ដូច្នេះតាមរយៈការប្រកួតជ្រើសរើសនេះបានបង្ហាញពីតម្លាភាព ប្រកបដោយភាពយុត្តិធម៌បំផុត។
អ្វីដែលខ្ញុំសប្បាយចិត្ត មានមោទនភាព និងកោតសរសើរដល់គ្រូបង្វឹក និងក្រុមជម្រើសជាតិ គឺការលះបង់ខ្ពស់របស់ពួកគាត់ តាមរយៈការចែករំលែក របបឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងចំនួនគ្រូបង្វឹក ២នាក់ គឺបែងចែករបបសម្រាប់ គ្រូបង្វឹក៤នាក់ ដោយរក្សាចំនួនគ្រូបង្វឹកឱ្យនៅចំនួន៤នាក់ដដែល។ នេះជាចំណុចមួយគំរូល្អ ខ្ញុំរំភើបណាស់ ខ្ញុំជាប្រធានសហព័ន្ធ ប៉ុន្តែខ្ញុំគោរពកូនចៅទៅទៀត ដោយសារតែការផ្តល់ តម្លៃជូនដល់ពួកគាត់ ដែលមានការលះបង់ ដ៏អស្ចារ្យ ។ ទោះជាត្រូវកាត់បន្ថយចំនួនគ្រូមែន ប៉ុន្តែយើងបានឯកភាពគ្នា កាត់បន្ថយ របបឧបត្ថម្ភ រៃគ្នាពង្រីកក្នុងចំនួន ២នាក់ ចែកដល់គ្រូចំនួន៤នាក់ ។
ចំណែកកីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិ ដែលកាត់បន្ថយពីចំនួន២៨នាក់ មកសល់ត្រឹម១៣នាក់នេះ គឺការប្រកួតជម្រុះនេះមិនមែនយកត្រឹមតែចំនួន១៣នាក់គត់នោះទេ ដោយអនុវត្តតាមរបៀបរបបដូចទម្រង់គ្រូបង្វឹកដែរ។ ដូច្នេះ កីឡាករ កីឡាការិនីជម្រើសជាតិ ដែលប្រកួតជម្រុះជាប់ ក៏បានប្តេជ្ញាចិត្ត ដូចគ្នាដែរថា នឹងរៃលុយគ្នា ដើម្បីយកទៅជួយបំប៉ន សម្រាប់កីឡាករ កីឡាការិនី ក្រៅ ពីចំនួនគោល ១៣នាក់នេះ ដែលអាចមានចំនួន ពី១៨នាក់ទៅ២០នាក់ ។
ប្រធាន កែវ រ៉េមី បានសង្កត់ធ្ងន់ថា សម្រាប់ការត្រៀមចូលរួមប្រកួតកីឡាតេក្វាន់ដូ ជើងឯកអាស៊ី នាខែសីហា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌា គឺសហព័ន្ធគ្រោងនឹងចំណាយថវិកាជាង ២ម៉ឺនដុល្លារ ដែលសម្រាប់សហព័ន្ធតេក្វាន់ដូ ITF គឺមានការលំបាក ដោយឯកឧត្តមប្តេជ្ញាថា នឹងខិតខំស្វែងរកការឧបត្ថម្ភគាំទ្រ ដល់ការចំណាយនេះ ដើម្បីជំរុញឲ្យក្រុម ជម្រើសជាតិកម្ពុជា បានបញ្ចេញសមត្ថភាព ក្នុងការប្រជែងមេដាយយកមកជូនជាតិមាតុភូមិ ពីព្រឹត្តិការណ៍ប្រកួតកម្រិត អាស៊ីមួយនេះ៕
ដោយ៖លី ភីលីព