សិល្បៈ និង កម្សាន្ត

ទប់លែងជាប់ ENO ទម្លាយ​រឿង​បំណុលជាង ១០ម៉ឺនដុល្លារ ស្រាប់​តែ​ខ្ញុង បង្ហាញ​អ្នក​ដឹង​ច្បាស់ ​ជាង​គេ​រឿង​បំណុល

ក្រោយ​ទម្លាយ​រឿងរ៉ាវ ​ជំពាក់បំណុល​គេ​ជុំទិស បង្ករ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ ក្នុង​រង្វង់​អ្នក​សិល្បៈ ស្រាប់​តែ​នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០២៤ នេះ លោក សាន សុភារិទ្ធ ហៅ​ENO អះអាង​ថា រូប​លោក​នៅ​តែ​ទទួល​បាន​ការ​គោរព ស្រឡាញ់​ពី​ពុមម៉ែបងប្អូន បើ​ទោះ​បី​ជា​លោក​ធ្លោយ​ខ្លួន​ជំពាក់​បំណុល​គេ​រហូត​ដល់​ជាង ១០​ម៉ឺន​ដុល្លារ ។

ទន្ទឹម​គ្នា​នឹង​ការ​ស្រែក​ហ៊ោគាំទ្រ និង​ហៅ​ឈ្មោះ​លោក​ក្នុង​កម្មវិធី​ប្រគំតន្ដ្រី ​កាល​ពី​យប់មិញ ENO ក៏​ទទួល​បាន​ការ​លើក​ទឹកចិត្ដ និង​ផ្ដល់​ការងារ​ថ្មី​ក្នុង​នាម​ជា BA របស់​ផលិតផល​មួយ ​របស់​ភរិយា​តារា​ចម្រៀង កែវ វាសនា ដែរ ។ ប៉ុន្ដែ​ត្រង់​ថា​ការ​គាំទ្រ​ពី​មហាជន និង​ផ្ដល់​ឱកាស​ការងារ ​នៅ​ពេល​នេះ អាច​ជួយ​ដោះបំណុល​របស់​លោក​កម្រិត​ណា​នោះ ក៏​លោក​មិន​ទាន់​បញ្ជាក់​ដែរ ខណៈ​គេ​ឃើញ​ទាំង​ឧកញ៉ា និង​មិត្ដសិល្បៈ​ដែល​ធ្លាប់​ជួប​រឿងរ៉ាវ​ស្រដៀង​គ្នា​នេះ​បាន​លើក​ទឹកចិត្ដ និង​ផ្ដល់​ជា​មតិ​ល្អៗ ។

ជាក់​ស្ដែង​តារា​កំប្លែងស្រី ស្រេង សុកាន់ដា ហៅ​ខ្ញុង ដែល​ចាប់​តាំង​ពី​ធ្លាយ​រឿង ​ជំពាក់បំណុល​គេ​ជុំទិស រហូត​មក​ដល់​ឥឡូវ ​ក៏​នៅ​មិន​ទាន់​ដោះបំណុល​គេ​អស់​នោះ ក៏​នៅ​តែ​មាន​ម្ចាស់​បំពុល​និយាយ​ពេបជ្រាយ​នាង ហើយ​រំរុញ​ឲ្យ​នាង​ពន្លឿន ​ការ​សង​ជា​បន្ដបន្ទាប់ ។ ប៉ុន្ដែ​តាម​រយៈ​ការ​ផ្ទុះ​រឿង​បំណុល​របស់ ENO នៅ​ពេល​នេះ ស្រាប់​តែ​នាង​ខ្ញុង និយាយ​ថា ៖ “ហុឹម….ស៊ូបន្តទៀតទៅបង! គ្មានអ្នកណាម្នាក់ចង់បរាជ័យរឿង សេដ្ឋកិច្ចទេ ដូចខ្ញុំអីចឹង ទោះខំរៀបរាប់ប្រាប់ ក៏គ្មានអ្នកណាយល់ដែរ ។ ចង់អ្នកណាគិតអីក៏គិតហ្នឹងទៅ…សំខាន់យើងដឹងខ្លួនឯងច្បាស់”។

ENO មិន​បាន​ឆ្លើយតប​យ៉ាង​ណា​ចំពោះ​ការ​លើក​ឡើង​របស់​ខ្ញុង ឡើយ ។ ប៉ុន្ដែ​នៅ​ក្នុង​សាច់​រឿង​ដ៏​វែងអន្លាយ​ ដែល​លោក​រៀបរាប់​តាម​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១៧ ខែ​មីនា ឲ្យ​ដឹង​ថា លោក​បាន​រកស៊ី​ខាត​ជាប់ៗ​គ្នា​ច្រើន​ឆ្នាំ ​តាំង​ពី​អំឡុង​ពេល​ការ​ឆ្លង​រាតត្បាត នៃ​ជំងឺ​កូវីដ-១៩ ហើយ​បន្ទាប់​មក​ទៀត​សេដ្ឋកិច្ច​សកល​ក៏​នៅ​បន្ដ​ធ្លាក់​ចុះ ធ្វើ​ឲ្យ​មុខរបរ​លោក​ក្ស័យធន ។ ដើម្បី​ដោះបំណុល​ ដែល​លោក​ខ្ចី​គេ​យក​ទៅ​ធ្វើ​ដើម​រកស៊ី​នោះ លោក​ក៏​បង្ខំចិត្ដ​ចងការ​ប្រាក់​គេ​ក្នុង​ថ្លៃ​ការ​ប្រាក់​ខ្ពស់​បំផុត ក្នុង​នោះ​ក៏​មាន​កម្ចីOnline របស់​ចិន​ដែរ ទើប​ធ្វើ​ឲ្យ​លោក​កាន់​តែ​ធ្លាប់​ជ្រៅ​ទៅៗ ។

ការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ នៅ​ចំពោះ​មុខ​នេះ លោក សាន សុភារិទ្ធ បាន​ស្នើ​ឲ្យ​ម្ចាស់​បំណុល​ទាំង​អស់ ​យក​តែ​ប្រាក់​ដើម​​វិញ​បាន​ហើយ ហើយ​លោក​ក៏​ត្រូវ​ការ​ពេល​វេលា​ខ្លះ​ដើម្បី​រក​លុយ​មក​សង ដោយ​មិន​គេចវេស​ឡើយ។ការ​រកស៊ី​ខាង​បង់ និង​ជំពាក់បំណុល​គេ​នេះ បាន​ធ្វើ​ឲ្យ​លោក​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច ដោយ​ម្ចាស់​បំណុល​ខ្លះ​បាន​គំរាម​ប្ដឹង​លោក និង​ចាប់​លោក​ដាក់​គុក ក្នុង​គ្រា​ដែល​លោក​ទទួល​ខុសត្រូវ​សង​ប្រាក់ ​ទៅ​ម្ចាស់​បំណុល​វិញ​ប្រមាណ ១០០០​ដុល្លារ ក្នុង១​ថ្ងៃៗ។ ប៉ុន្ដែ​រហូត​លោក​ធ្លាក់​ខ្លួន​មក​រស់នៅ​ ក្នុង​បន្ទប់​ជួល​គេ​ហើយ​នេះ ក៏​លោក​នៅ​តែ​ទទួល​ខុស​ត្រូវ ​លើ​បំណុល​ទាំង​នោះ​ដែរ ប៉ុន្ដែ​សុំ​ម្ចាស់​បំណុល​យោគយល់​ទុក​ពេល និង​ទទួល​យក​តែ​ប្រាក់​ដើម​វិញ ៕

Most Popular

To Top