បរទេស៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក Harry Harris បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការមិនត្រូវគ្នា រវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ក្នុងកិច្ចចរចាលើចំណែក នៃការចំណាយលើការពារជាតិ កំពុងតែថយចុះ ប៉ុន្តែទីក្រុង សេអ៊ូលអាច និងគួរតែចេញថ្លៃចំណាយបន្ថែមទៀត។
លោក Harry Harris បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងសេអ៊ូលថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា យើងនឹងសម្រេចបានកិច្ចព្រមព្រៀងមួយ ហើយសហរដ្ឋអាមេរិក បានសម្របសម្រួលគោលជំហររបស់យើង និងមានក្តីសង្ឃឹមយ៉ាងមុតមាំថា កូរ៉េក៏នឹងធ្វើដូច្នោះដែរ ពីទិសដៅដែលផ្ទុយគ្នា ។ យើងនឹងជួបគ្នានៅកន្លែងខ្លះទៀត ហើយធ្វើកិច្ចព្រមព្រៀងគ្នា” ។
គួរបញ្ជាក់ថា កិច្ចពិភាក្សាស្តីពីការចែកគ្នា ចំណាយលើការពារជាតិជុំទី៦ ដើម្បីបង្កើតកិច្ចព្រមព្រៀងវិធានការពិសេស ទើបបានបញ្ចប់នៅថ្ងៃពុធ ក្នុងទីក្រុងវ៉ាស៊ីនតោន ដោយគ្មានការព្រមព្រៀងគ្នាអ្វីនោះឡើយ ហើយក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងពីរបានពង្រីកការយោគយល់គ្នាទៅវិញទៅមក និងឆន្ទៈរួមគ្នា ប៉ុន្តែបានបញ្ជាក់ថា នៅតែមានភាពខ្វែងគំនិតគ្នាខ្លះៗ៕ ប្រែសម្រួល៖ប៉ាង កុង