ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អះអាងថា នាយករដ្ឋមន្ត្រីជប៉ុន ស្នើឲ្យមានកិច្ចប្រជុំកំពូល មួយជាមួយលោក គីម ជុងអ៊ុន

AFP

សេអ៊ូល៖ ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងនៅថ្ងៃចន្ទនេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានស្នើសុំឲ្យមានកិច្ចប្រជុំកំពូល ជាមួយបងប្រុសរបស់គាត់ ដោយបានបន្ថែមថា កិច្ចប្រជុំនេះទំនងជាមិនមានការ ផ្លាស់ប្តូរគោល នយោបាយដោយក្រុងតូក្យូនោះទេ ។

គេបានដឹងថា ទំនាក់ទំនងរវាងប្រទេស ទាំង២មានភាពតានតឹងជាប្រវត្តិសាស្ត្រ រួមទាំងជម្លោះគ្នានៃការចាប់ពង្រត់ ដ៏យូរអង្វែង និងកម្មវិធីអាវុធហាមឃាត់ របស់កូរ៉េខាងជើង ប៉ុន្តែថ្មីៗនេះ លោក Kishida បានបង្ហាញពីបំណងចង់ ធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនង ដែលក្រុងព្យុងយ៉ាងបានណែនាំថា វាមិនជំទាស់អីនោះទេ ។

គួររំលឹកថា កាលពីឆ្នាំមុន លោក Kishida បានថ្លែងថា លោកសុខចិត្តជួបលោក គីម “ដោយគ្មានលក្ខខណ្ឌណាមួយឡើយ” ដោយបានថ្លែងយ៉ាងដូច្នេះថា ក្រុងតូក្យូមានឆន្ទៈក្នុងការ ដោះស្រាយបញ្ហាទាំងអស់ រួមទាំងការចាប់ពង្រត់ ដោយភ្នាក់ងារ កូរ៉េខាងជើងនៃពលរដ្ឋជប៉ុនក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ ដែលនៅតែជាបញ្ហារំជួល ចិត្តនៅក្នុងប្រទេសជប៉ុន ។

លោកស្រី Kim Yo Jong បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ ថា “លោក Kishida … បានបង្ហាញពីចេតនារបស់គាត់ ក្នុងការជួបជា មួយប្រធានាធិបតី នៃកិច្ចការរដ្ឋនៃ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

លោកស្រី Kim Yo Jong ដែលជាអ្នកនាំពាក្យ ដ៏សំខាន់ម្នាក់របស់របបនេះ បានប្រាប់ឲ្យដឹងកាលពីខែមុន ចំពោះការអញ្ជើញសម្រាប់ ពេលអនាគត ដែលអាចធ្វើទៅបានសម្រាប់មេដឹកនាំជប៉ុនឲ្យទៅបំពេញ ទស្សនកិច្ចនៅក្នុងទឹកដីកូរ៉េខាងជើង។

ប៉ុន្តែលោកស្រីបានថ្លែងថា “ប្រវត្តិសាស្រ្តនៃទំនាក់ទំនង កូរ៉េខាងជើង និងជប៉ុន ផ្តល់នូវមេរៀនថា វាមិនអាចទៅរួចទេ ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ដែលពោរពេញទៅ ដោយការមិនទុកចិត្ត និងការយល់ច្រលំ” ដោយគ្មានការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ លើផ្នែកណាមួយរបស់ក្រុងតូក្យូ ៕

Most Popular

To Top