ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអបរំ យុវជន និងកីឡាផ្ញើសារលិខិតអបអរសាទរវីរ:កីឡាការិនី ជម្រើសជាតិកម្ពុជាកែ ឡេង បន្ទាប់ពីលោកស្រីត្រូវបានរាជរដ្ឋាភិបាលសម្រេចដំឡើងឋានន្តរស័ក្តិ ពីឧត្តមសេនីយ៍ត្រី ទៅជាឧត្តមសេនីយ៍ទោ ចំពោះការខិតខំប្រឹងប្រែងដណ្តើមបាន មេដាយមាសពិភពលោក។
ក្នុងសាររបស់រដ្ឋមន្ត្រីក្រសួងអបរំ មានអត្តន័យថា តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស កីឡាករ-កីឡាការិនីនៃក្រសួងអប់រំ យុវជន និងកីឡា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវសេចក្តីត្រេកអរឥតឧបមា ចំពោះលោកស្រីឧត្តមសេនីយ៍ទោ កែ ឡេង វីរកីឡាការិនីជម្រើសជាតិកម្ពុជា នៃសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាក្នុងឱកាសដែលរាជរដ្ឋាភិបាលសម្រេចដំឡើងឋានន្តរស័ក្តិ ពីឧត្តមសេនីយ៍ត្រី ទៅជាឧត្តមសេនីយ៍ទោ ចំពោះការខិតខំប្រឹងប្រែងដណ្តើមបានមេដាយមាសពិភពលោក។
ក្រសួងអប់រំ យុវជន និងកីឡាសូមកត់សម្គាល់ថា ការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តរបស់លោកស្រីឧត្តមសេនីយ៍ទោ តាំងពីការចាប់យកអាជីព ជាកីឡាការិនីនៅឆ្នាំ១៩៩៨ បាននាំជោគជ័យយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនជាតិមាតុភូមិ ដោយបានដង្ហើមមេដាយសំរឹទ្ធិ មេដាយប្រាក់ មេដាយមាស ពីការប្រកួតកម្រិតជាតិ អន្តរជាតិនិងពិភពលោក ដូចជា ការប្រកួតជើងឯកអាស៊ី ការប្រកួតកីឡាស៊ីហ្គេម និងការប្រកួតកីឡាប៉េតង់ពិភពលោក។
នៅក្នុងព្រឹត្តិការណ៍ការប្រកួត“កីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក យុវជន និងស្ដីលើកទី១៧” នៅរាជផានីភ្នំពេញ លោកស្រីឧត្តមសេនីយ៍ទោបានធ្វើឲ្យពិភពលោកមានការកោតសរសើរជាថ្មីម្តងទៀតនូវសមត្ថភាព ដ៏អស្ចារ្យរបស់លោកស្រី ឧត្តមសេនីយ៍ទោ ក្នុងការដណ្តើមបានមេដាយមាសពិភពលោក លើកទី៤ជូនជាតិមាតុភូមិ។
ការផ្តល់ជូននូវការលើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គទេសក៍ដឹកនាំដ៏ឆ្នើម និងក្រសួងអប់រំ យុវជន និងកីឡា ជូនចំពោះលោកស្រីឧត្តមសេនីយ៍ទោ ក៏ដូចជាចំពោះកីឡាករ កីឡាការិនី គ្រូបង្វឹក ដទៃទៀតជាបន្តបន្ទាប់ គឺជាសក្ខីភាពបញ្ជាក់យ៉ាងជាក់ច្បាស់ថា រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះវិស័យ កីឡានៅកម្ពុជា។
ជាថ្មីម្តងទៀត តាមរយៈការដំឡើងឋានន្តរស័ក្តិ ជូនលោកស្រីឧត្តមសេនីយ៍ទោ ខ្ញុំសង្ឃឹមជឿជាក់ថា លោកស្រីឧត្តមសេនីយ៍ទោ នឹងខិតខំបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយក្រសួងអប់រំ យុវជននិងកីឡា និងជាពិសេសជាមួយកីឡាករ កីឡាការិនីរួមអាជីព យកជោគជ័យថ្មីៗបន្ថែមទៀត ជូនប្រទេសជាតិ៕ ដោយ៖លី ភីលីព