ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួត ជ្រើសរើសជើងឯក កុមារ-កុមារី តូយ៉ូតាកម្ពុជា ដែលមានរហ័សនាម “ការប្រកួតបាល់ទាត់ តូយ៉ូតាសម្រាប់ថ្ងៃអនាគត” (Toyota Football For Tomorrow) សម្រាប់ឆ្នាំ ២០២០ ដែលមាន២៤ក្រុម ចូលរួមចំនួន ២ ថ្ងៃចាប់ថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២០នៅទីលានសាលា AUPP ក្នុងរាជធានីភ្នំពេញដើម្បីឡើង ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិនាខែកុម្ភៈ ។
យោងតាមតំណាងរបស់ GFA Soriya បានបញ្ជាក់ថា ការរៀបចំកម្មវិធីប្រកួត ពានរង្វាន់ជើងឯកកុមារនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណង ជួយបង្កើនប្រសិទ្ធភាព នៃវិស័យកីឡាបាល់ទាត់ នៅកម្ពុជា ឲ្យរីកចម្រើន ដោយចាប់ផ្តើម ពីការបណ្តុះបណ្តាលកុមារ និងថ្នាលយុវជន ដើម្បីអភិវឌ្ឍន៍នូវជំនាញ របស់ពួកគេឲ្យកាន់តែប្រសើរឡើង ក៏ដូចជាជួយឲ្យពូកគាត់ សម្រេចគោលបំណង ដែលចង់ក្លាយជាកីឡាករឆ្នើម នៅថ្ងៃអនាគត ។
សម្រាប់ការប្រកួតជ្រើសរើស ជើងឯកកុមារតូយ៉ូតា សម្រាប់ថ្ងៃអនាគតឆ្នាំ ២០២០ រឿងដ៏គួរឲ្យចាប់អារ ម្មណ៍សម្រាប់ពានរង្វាន់នេះ ក្រៅតែចូលរួមចំណែកបណ្ដុះក្មេងៗ ឲ្យមានចិត្តស្រលាញ់កីឡា ពិសេសគឺកីឡាបាល់ទាត់ហើយនោះ ព្រឹត្តិការណ៍ដដែលនេះ ក៏អាចចាត់ទុកថាជាការរួមចំណែកឲ្យកុមារកម្ពុជា មានមូលដ្ឋានគ្រឹះខ្លះៗ ជាមួយបាល់ទាត់ ដើម្បីបន្តឲ្យពួកគេ អាចឈានទៅរកហ្វឹកហាត់ បែបអាជីពបាន ។
ចំពោះថ្ងៃទី១៨ មករា មានសាលា១២ក្នុងនោះ ក្រុមកុមារមានចំនួន៨រួមមាន៖ Westline School Phsar Touch World International School Horizon International Academy សាលាបឋមសិក្សាឫស្សីកែវ សាលាបឋមសិក្សាព្រែកព្នៅ សាលាសាគូរ៉ា សាលា Northline School និងសាលាអន្តរិជាតិ AIS ចំណែកក្រុមកុមារីមានចំនួន៤៖ សាលាសាគូរ៉ា សាលាបឋមសិក្សាចតុមុខ World International School និងចតុមុខសាលាបឋមសិក្សាព្រែកព្នៅ ។
គួរដឹងដែរថា តាមរយៈសាលាបាល់ទាត់ GFA Soriya ជាមួយក្រុមហ៊ុនតូយ៉ូតា បានរៀបចំការប្រកួតនេះ តាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មកម្លេះ ហើយការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ និង ១៩ ខែមករានៅទីលាន AUPP មុនការប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី៩ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិ៕ ដោយ៖លី ភីលីព