ព្រឹត្តិការណ៍

មាន​ដឹង​ទេ​ថា ស្ដេច​ខ្មែរ​ ធ្លាប់​ប្រទាន​ដំរី​ស ​ទៅ​ឱ្យ​ប្រធានាធិបតី​អាមេរិក

សម្ដេច​ព្រះ​នរោត្ដម សីហនុ កាល​នៅ​សោយរាជ្យ​ជា​លើក​ទី១ ធ្លាប់​ប្រទាន​ដំរី​ស​ ដ៏​កម្រ​មួយ​នៅ​កម្ពុជា ទៅ​កាន់​ប្រធានាធិបតី​ សហរដ្ឋអាមេរិក​លោក Harry S. Truman កាល​ពី​ឆ្នាំ​១៩៥១ ។

លោក Harry S. Truman និង ​សម្ដេច​ព្រះ​នរោត្ដម​ សីហនុ
យោង​តាម​អ្នក​ស្រាវជ្រាវ​អាមេរិក Kenton Clymer បាន​ឲ្យ​ដឹង​ថា សម្ដេច​សីហនុ​បាន​ប្រទាន​ដំរី​ស​ដ៏​កម្រ​នេះ​ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​កម្ពុជា-សហរដ្ឋអាមេរិក ដោយ​ពេល​នោះ​សហរដ្ឋអាមេរិក​ គាំទ្រ​ចលនា​ប្រឆាំង​អាណានិគមនិយម ខណៈ​កម្ពុជា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​បារាំង ។
លោក​ Clymer បាន​សរសេរ​ក្នុង​សៀវភៅ សហរដ្ឋអាមេរិក និង​កម្ពុជា ១៨៧០-១៩៦៩៖ ពី​ភាព​ងឿង​ឆ្ងល់ ទៅ​ភាព​ត​តាំង​គ្នា លោក Truman ចង់​បាន​សត្វ​ខ្លា​ទេ តែ​ដោយសារ​តែ​មាន​ការ​សរសេរ​សំបុត្រ ​ពី​សំណាក់​សិស្ស​អនុវិទ្យាល័យ​មួយ​ក្រុម​ ទើប​លោក​ព្រម​ទទួល​សត្វ​ដំរី​ស​នេះ។

ដំរី​ស​នេះ​គ្រោង ​នឹង​ដាក់​នៅ​ក្នុង​សួន​សត្វ​រដ្ឋធានី​វ៉ាស៊ីងតោន​ តែ​ជា​អកុសល សត្វ​ដំរី​នេះ​បាន​បាត់បង់​ជីវិត​នៅ​ទីក្រុង​ Cape Town អាហ្វ្រិក​ខាង​ត្បូង​។

សហរដ្ឋអាមេរិក ​បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ការ​ទូត​ ជាមួយ​កម្ពុជា​កាល​ពី​ឆ្នាំ១៩៥០ ពោល​ក្នុង​រាជ្យ​សម្ដេច​នរោត្ដម សីហនុ និង​អាណត្តិ​ប្រធានាធិបតី​របស់​លោក Truman។ ក្នុង​ឆ្នាំ២០២០​នេះ ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង ​ជាមួយ​គ្នា​រយៈពេល ៧០ឆ្នាំ​ហើយ៕

Most Popular

To Top