ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយថា យោងតាមការិយាល័យសារព័ត៌មាននៅវិមានក្រឹមឡាំងបានឲ្យដឹងថា កាលពីថ្ងៃសុក្រ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើច្បាប់មួយ ដោយតែងតាំងលោក Mikhail Mishustin ឲ្យធ្វើជានាយករដ្ឋមន្ត្រីឡើងវិញ ។
ច្បាប់នេះបានដាក់ថា “ស្របតាមចំណុច ‘a’ នៃមាត្រា៨៣នៃរដ្ឋធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី ធ្វើការតែងតាំងលោក Mikhail Vladimirovich Mishustin ជាប្រមុខរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី” ។
ច្បាប់នេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។
កាលពីព្រឹកថ្ងៃសុក្រ រដ្ឋ Duma របស់ប្រទេសរុស្ស៊ី បានអនុម័តការតែងតាំងរបស់លោក ពូទីន ដែលបានឲ្យលោក Mikhail Mishustin ធ្វើជានាយករដ្ឋមន្ត្រី ។
គួរបញ្ជាក់ថា លោក Mishustin ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីលើកដំបូងក្នុងឆ្នាំ២០២០ បន្ទាប់ពីបម្រើការជាប្រធានសេវាពន្ធសហព័ន្ធរុស្ស៊ីពីឆ្នាំ២០១០ដល់ឆ្នាំ២០២០ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា