ផ្សេងៗ

លោក សៅ សេងហាក់ ប្រធានសហព័ន្ធចូលរួមធ្វើតេស្តសមត្ថភាពជ្រើសរើសអត្តពលិក ទៅចូលរួមការប្រកួតកីឡាហាប់កីដូពិភពលោក

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំការប្រកួតតេស្តសមត្ថភាពជ្រើសរើសអត្តពលិក ទៅចូលរួមការប្រកួតកីឡាហាប់កីដូពិភពលោក ដោយបានការអញ្ចើញចូលរួមដោយផ្ទាល់ពីសំណាក់ លោក សៅ សេងហាក់ ប្រធានសហព័ន្ធ អមដោយលោក គង់ ចាន់ធីណា អគ្គលេខាធិការ។

លោក គង់ ចាន់ធីណា បានមានប្រសាសន៍ថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ អត្តពលិកហាប់គីដូចំនួន ២៨នាក់ បានមកចូលរួមតេស្តសមត្ថភាព ដើម្បីឲ្យសហព័ន្ធខ្មែរកីឡាហាប់គីដូ ជ្រើសរើសជាបេក្ខភាពទៅប្រកួតតំណាងជាតិ ក្នុងការប្រកួត “World I.H.F Hapkido Championship 2024” ដែលនឹងត្រៀមរៀបចំនៅប្រទេសថៃ នាខែសីហាខាងមុខនេះ។

ក្នុងដំណើរនៃការប្រឡង សង្កេតឃើញថា អត្តពលិកគ្រប់រូបបានខិតខំប្រឹងប្រែងបង្ហាញសមត្ថភាពទៅតាមជំនាញរៀងៗខ្លួន យ៉ាងម៉ឺងម៉ាត់ស្វាហាប់ អស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលបានលទ្ធផលល្អ។

ក្រោយពីបញ្ចប់ការប្រឡង លោក ឧកញ៉ា ប្រធាន បានផ្តល់អនុសាសន៍ទៅដល់គណៈកម្មការ ព្រមទាំងគ្រូបង្វឹកឲ្យជំរុញកីឡាករ កីឡាការិនី ឲ្យចំគោលដៅ និងសម្រួចឲ្យមុតមុននឹងចេញទៅប្រកួត។ លើសពីនេះ លោកក៏បានផ្តល់ដំបូន្មានមួយចំនួនទៅដល់អត្តពលិក ឲ្យខិតខំហ្វឹកហាត់ឲ្យខ្លាំង ព្រោះនេះជាការប្រកួតតំណាងជាតិ ដើម្បីសម្រេចបានសមិទ្ធផលល្អប្រសើរក្នុងការប្រកួតលក្ខណៈអន្តរជាតិនាពេលខាងមុខនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top