កីឡា

កម្ពុជា បញ្ជូនក្រុមអត្តពលិក ចូលរូមការប្រកួតកីឡា សិស្សអាស៊ានលើកទី១៣ និងនិស្សិតសាកលវិទ្យាល័យអាស៊ាន លើកទី២១នៅក្រៅប្រទេស

ភ្នំពេញ ៖ លោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួង អយក ជាប្រធានប្រតិភូដឹកនាំក្រុមកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ជួបសំណេះសំណាល ជាមួយប្រតិភូកីឡាទៅចូលរួមការប្រកួតកីឡា សិស្សអាស៊ានលើកទី១៣ នៅប្រទេស វៀតណាម និងការប្រកួតនិស្សិត សាកលវិទ្យាល័យអាស៊ានលើកទី២១ នៅប្រទេស ឥណ្ឌូណេស៊ីសាលប្រជុំធំ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ។

លោក ប៉ុន សុខ អគ្គនាយកកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាបានមានប្រសាសន៍ថា ប្រតិភូកីឡាសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាចំនួន ៤០រូបលើ ៤ប្រភេទកីឡាទៅចូលរួមការបកួតកីឡាសិស្សអាស៊ានលើកទី១៣ (The 13th ASEAN School Games) ដឹកនាំដោយលោក កែ ប៊ុនខៀង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅ Danang ប្រទេស វៀតណាម។

ប្រភេទកីឡាទំាង៤រួមមានប្រភេទកីឡាអត្តពលកម្ម មានប្រតិភូកីឡាសរុបចំនួន៦រូប អ្នកដឹកនាំក្រុម ១រូប គ្រូបង្វឹក១រូប កីឡាករ ២រូប និងកីឡាការិនី ២រូប លើវិញ្ញាសា៖ ១ ៥០០ម៉ែត្របុរស, ៣ ០០០ ម៉ែត្រ បុរស, ៣ ០០០ ម៉ែត្រនារី និងលោតចម្ងាយនារី សរុប ៣ វិញ្ញាសា។ ប្រភេទកីឡាហែលទឹក មានប្រតិភូកីឡាសរុបចំនួន៦ រូប គ្រូបង្វឹក ២រូប កីឡាករ ២ រូប កីឡាការិនី២រូប លើវិញ្ញាសា Freestyle 50 M, 100 M បុរស-នារី, Butterfly 50 M បុរស-នារី, Backstroke 50 M, 100 M បុរស- នារី និង Breastroke 50 M, 100 M , 200 M បុរស-នារី សរុប ១៤ វិញ្ញាសា។

លោកអគ្គលេខាធិការបានបន្តថា ប្រភេទកីឡាវាយសី មានប្រតិភូកីឡាសុរបចំនួន៧រូប គ្រូបង្វឹក២រូប និងកីឡាករ ៣រូប និងកីឡាការិនី២រូប លើវិញ្ញាសា វាយទោល បុរស-នារី វាយគួរ បុរស-នារី និងចម្រុះសរុប៩វិញ្ញាសា។ ប្រភេទកីឡាវ៉ូវីណាម មានប្រតិភូកីឡាសរុបចំនួន ១១ រូប៖ គ្រូបង្វឹក ០២រូប កីឡាករ ០៦រូប និងកីឡាការិនី ០៣រូប លើវិញ្ញា ប្រយុទ្ធទម្ងន់ ៥៥គីឡូក្រាម បុរស, ប្រយុទ្ធទម្ងន់ ៥៥គីឡូក្រាម នារី, ប្រយុទ្ធទម្ងន់ ៥០គីឡូក្រាម នារី, ប្រយុទ្ធទម្ងន់ ៦០គីឡូក្រាម បុរស និងវិញ្ញាសាមេគុនសរុប ១៦ វិញ្ញាសា។

លោក ប៉ុន សុខ បន្ថែមទៀតថា ការប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ាន សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាចំនួន ៤៥រូប ទៅចូលរួមការប្រកួត កីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) ដឹកនាំដោយលោក កែ ប៊ុនខៀងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅ Surabaya & Malang ប្រទេស ឥណ្ឌូណេស៊ី ។

ប្រភេទកីឡាដូចជាប្រភេទកីឡាប៉េតង់៖ គ្រូបង្វឹក ០២រូប កីឡាករ ០៦រូប និងកីឡាការិនី ០៦រូប សរុបចំនួន ១៤ រូប លើវិញ្ញាសា វាយយកពិន្ទុបុរស (Men Shooting) វាយយកពិន្ទុនារី (Women Shooting) ១នាក់ទល់១នាក់បុរស (Men Single) ១នាក់ទល់១នាក់នារី (Women Single) ២នាក់ទល់២នាក់បុរស (Men Double) ២នាក់ទល់២នាក់នារី ( Women Double) ៣នាក់ទល់៣នាក់បុរស (Men Triple) ៣នាក់ទល់៣នាក់នារី ( Women Triple) បុរស ១នាក់ នារី ១នាក់ ទល់ បុរស១នាក់ នារី១នាក់ (Mix Double) និងបុរស ២នាក់ នារី១ នាក់ ទល់នឹងបុរស ២នាក់ នារី ១នាក់ (Mix Triple)។

តេក្វាន់ដូ WT ៖ គ្រូបង្វឹក ១រូប អាជ្ញាកណ្តាល ITOs ០១រូប កីឡាករ ០២រូប និងកីឡា ការិនី ០២រូប សរុបចំនួន ០៦រូប លើវិញ្ញាសា នារីប្រយុទ្ធ ៤៩ គីឡូក្រោម និងប្រយុទ្ធ ៥៧គីឡូក្រោម និងបុរសប្រយុទ្ធ ៨០ គីឡូក្រោម និងមេគុនឯកត្តជន។ កីឡាអត្តពលកម្ម ៖ គ្រូបង្វឹក ០១រូប និងកីឡាករ ០៣រូប សរុបចំនួន ០៤រូប លើវិញ្ញាសារត់ល្បឿន ៤០០ ម៉ែត្របុរស លោតកម្ពស់បុរស និងរត់ល្បឿនមធ្យម ៥០០០ ម៉ែត្របុរស។ ការ៉ាតេ៖ គ្រូបង្វឹក ០១រូប អាជ្ញាកណ្តាល ITOs ០១រូប និងកីឡការិនី ០៣រូប សរុបចំនួន ០៥រូប៖ លើវិញ្ញាសា នារី Kata – Team, Kata – Individual, Kunmite 55kg and Below, Female Team Kunmite, Kunmite 68kg and Below។

ដោយឡែកកីឡាហែលទឹក៖ គ្រូបង្វឹក ០១រូប កីឡាករ ០២រូប និងកីឡាការិនី ០១រូប សរុបចំនួន ០៤រូប លើវិញ្ញាសា នារី 50m Freestyle, 50m Breaststroke, 100m Breaststroke, 200m Breaststroke, បុរស 50m Backstroke, 50m Freestyle, 100m Freestyle, 200m Freestyle, 50m Butterfly, 100m Butterfly និងបុរស 50m Freestyle, 100m Freestyle, 400m Freestyle។ កីឡាយូដូ៖ គ្រូបង្វឹក ០១រូប និងកីឡាការិនី ០១រូប សរុបចំនួន ០២រូប លើវិញ្ញាសាឯកត្តជនប្រភេទទម្ងន់ -៤៨ គ.ក្រ ។ សរុបវិញ្ញាទាំងអស់គឺ ៤៥ វិញ្ញាសា៕

Most Popular

To Top