The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona កំពុងត្រៀមខ្លួនក្នុងការលក់ ចេញកីឡាករខ្សែប្រយុទ្ធស្លាប Raphinha ដើម្បីអាចទុកចន្លោះក្នុងការចរចានាំយកកីឡាករ Luis Diaz ដែលកំពុងលេងឲ្យ Liverpool។
ចាប់តាំងតែពីបានចូលរួមជាមួយនឹង Barcelona ពីក្លឹប Leeds កាលពីរដូវក្តៅឆ្នាំ២០២២ កន្លងមកក្នុងតម្លៃខ្លួន ប្រមាណជា៤៩លានផោនកីឡាករ Raphinha បានរកគ្រាប់បាល់ឲ្យក្លឹបសរុប២០គ្រាប់ និងជួយរកគ្រាប់បាល់ បាន២៥គ្រាប់ក្នុងការបង្ហាញ ខ្លួនសរុប៨៥ដង។
ទោះបីជាយ៉ាងណាក្តីកុងត្រា របស់កីឡាករប្រេស៊ីលវ័យ២៧ឆ្នាំរូបនេះ នឹងបន្តមានរហូតទៅដល់ឆ្នាំ២០២៧ ដែលមានន័យថាក្លឹបនឹងត្រូវការលក់កីឡាកររូបនេះ ក្នុងតម្លៃទាបជាងមុនប្រសិនបើជាចាំបាច់ក្នុងការទិញ Diaz ចូលពិតមែននោះ។
ក្រោយពេលចាកចេញរបស់គ្រូបង្វឹកលោក Jurgen Klopp រួចមកហើយកីឡាករសំខាន់ៗរបស់ក្លឹប Liverpool ហាក់ដូចជាមានបំណងចង់នាំគ្នាចាកចេញពីទីនេះហើយក្នុងនោះសូម្បីតែ Diaz រូបនេះផងដែរហើយ Barcelona ក៏ស្ថិតនៅក្នុងគោលដៅ របស់កីឡាករដូចគ្នា៕
ប្រែសម្រួល៖ស៊ុនលី