រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោក ខូវ ឆាយ ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួត ចំណាត់តាំងថ្មីកែសម្រួលសមាសភាពមន្ត្រីតាមកម្មវិធី និងបញ្ហាផ្សេងៗតាមស្ថានីយ៍ជាដៃគូនៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត ក្នុងពហុកីឡដ្ឋានជាតិ។
ក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពីសំណាក់លោក និន ភិរម្យ លោក ម៉ិល កាដូ លោក ហួត សេងទ្រី អនុប្រធានសហព័ន្ធ អគ្គលេខាធិការ អគ្គលេខាធិការរងសហព័ន្ធសមាជិកប្រតិបត្តិ គណៈកម្មការ អនុគណៈកម្មការបច្ចេកទេសគ្រប់ជំនាញ គណៈកម្មកាទទួលបន្ទុករួម គណៈកម្មការអចិន្ត្រៃ ។
លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរងបានបញ្ជាក់ថា ចំណាត់តាំងកែសម្រួលថ្មីនេះក្រុមការងារបច្ចេកទេសរបស់សហព័ន្ធប្រដាល់គុនខ្មែរដែលបាននឹងកំពង់បម្រើការងារតាមស្ថានីយ៍ដៃគួអភិវឌ្ឍន៍ទាំងអស់របស់សហព័ន្ធ ត្រូវបានបែងចែកក្រុមការងារជា ៥ ក្រុម ហើយក្នុង១ក្រុមៗបានបែងចែកមាន ថ្នាក់ដឹកនាំប្រចាំការ ស្នងការគ្រប់គ្រង និងតាមដានការប្រកួត ក្រុមការងារវិនិច្ឆ័យ និងអាជ្ញាកណ្តាល-ចៅក្រម លេខាតុប្រកួត ក្រុមការងាររៀបចំខ្លួនកីឡាករ-កីឡាការិនី ក្រុមពេទ្យ និងសង្គ្រោះ ក្រុមការងារពិនិត្យសុខភាព និងថ្លឹងទម្ងន់។
លោក ខូវ ឆាយ បានមានប្រសាសន៍ថា អំពាវនាវឲ្យមន្រី្ត ចៅក្រម អាជ្ញាកណ្តាលត្រូវមានទំនូលខុសត្រូវរបស់ក្រុមការងារ អាជ្ញាកណ្តាល ចៅក្រមដែលគ្រប់គ្រងការប្រកួត និងប្រាក់ឧមត្ថម្ភដល់ក្រុមការងារតាមស្ថានីយ៍នីមួយៗឲ្យបានស្មើគ្នា មានតម្លាភាព (យ៉ាងតិចណាស់ក្នុង១សប្តាហ៍បាន៣កម្មវិធី) ។
ក្នុងអាណត្តិថ្មីដែលដឹកនាំដោយលោកប្រធានថ្មី ជាពិសេសលោកប្រធានបានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម ដើម្បីឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់មានការអភិវឌ្ឍន៍ និងរីកចម្រើនទៅតាមសម័យកាលឌីជីថល។ ដោយ៖លី ភីលីព