ព័ត៌មានអន្តរជាតិ

បុរសជនជាតិ វៀតណាមម្នាក់ ជាប់គុក១៨ ឆ្នាំ ពីបទសម្លាប់ស្ត្រី និងលាក់សាកសព រយៈពេល ១៣ ឆ្នាំ

VN EXPRESS

វៀតណាម ៖ បុរសម្នាក់នៅទីក្រុង Hai Phong ភាគខាងជើងប្រទេស វៀតណាម ត្រូវបានជាប់ពន្ធនាគារ រយៈពេល ១៨ ឆ្នាំពីបទសម្លាប់ស្ត្រីក្នុងតំបន់ និងលាក់សាកសព របស់នាងក្នុងធុងទឹក ដែលគេបោះបង់ចោល អស់រយៈពេល ១៣ ឆ្នាំ។

ដូចដែលបានប្រកាស នៅតុលាការនៅទីក្រុង Hai Phong កាលពីថ្ងៃចន្ទ លោក Bui Trong Thanh អាយុ ៣១ ឆ្នាំត្រូវបានជាប់គុក ១៧ ឆ្នាំពីបទឃាតកម្ម និង៤ ឆ្នាំទៀតសម្រាប់ការ កាន់កាប់ទ្រព្យសម្បត្តិ ។ ដោយសារលោក Thanh មិនទាន់គ្រប់អាយុ នៅពេលលោកបាន ប្រព្រឹត្តបទឧក្រិដ្ឋនោះ ការជាប់ពន្ធនាគារ សរុបបានត្រឹម១៨ ឆ្នាំតែប៉ុណ្ណោះ ។

សាកសពស្ត្រីនេះ ត្រូវបានគេរកឃើញដោយចៃដន្យ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ។ អ្នកស្រុក Nguyen Van Quy ជាឪពុកចុងរបស់លោក Thanh កំពុងស្វែងរកឆ្កែ របស់គាត់ នៅពេលគាត់បានពិនិត្យមើលធុងទឹក ក្នុងសួនក្រោយផ្ទះរបស់គាត់ ហើយបានរកឃើញសាកសពដែលរលួយតែម្តង ។
សាកសពបានបង្ហាញភស្តុតាងថា ពិតជាបានត្រូវគេប្រើហិង្សា លើរូបរៀងកាយ ហើយប៉ូលិសបានបើកការស៊ើបអង្កេត ឧក្រិដ្ឋកម្មលើការស្លាប់ ។ ក្រោយមកគេដឹងថា សាកសពជា របស់ស្ត្រីឈ្មោះ Nguyen Thi Thu Thanh អាយុ ២២ឆ្នាំបានបាត់ខ្លួន ខណៈកំពុងជិះម៉ូតូទៅប្រគល់ធុងហ្គាស កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១០ ។

នាងមិនបានត្រឡប់មកផ្ទះវិញនៅយប់នោះទេ ។ ក្រៅពីម៉ូតូរបស់នាងត្រូវគេរកឃើញចម្ងាយ៥០០ម៉ែត្រពីផ្ទះនោះ ក្រុមគ្រួសារក៏គ្មានតម្រុយអ្វីទៀតដែរ។ ប៉ុន្តែពួកគេនៅតែបន្តសង្ឃឹមថា នាងនឹងបង្ហាញខ្លួន នៅថ្ងៃណាមួយ ចំពោះក្តីសង្ឃឹមទាំងអស់បានរសាត់ទៅ នៅពេលដែលសាកសព របស់នាងត្រូវបាន រកឃើញ ក្នុងធុងមានចម្ងាយ ៣០០ ម៉ែត្រពីផ្ទះរបស់អ្នកស្លាប់។ នាង Thanh បានរៀបការរួចហើយ និងមានកូនប្រុស អាយុ២ឆ្នាំនៅពេលនាងស្លាប់ ។

គ្រួសារជនរងគ្រោះទាមទារសំណងចំនួន ៥០០ លានដុង (១៩,៧០០ ដុល្លារអាមេរិក) សម្រាប់ជំងឺផ្លូវចិត្ត ១៧០ លានដុង សម្រាប់ពិធីបុណ្យសព និងប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២ លានដុង សម្រាប់កូនប្រុសជនរងគ្រោះ រហូតដល់គាត់មានអាយុ ១៨ ឆ្នាំ ។

រហូតមកដល់ពេលនេះ តុលាការបានបើកសវនាការថា គ្រួសារចុងចោទបានផ្តល់សំណងត្រឹមតែ ៣០ លានដុងប៉ុណ្ណោះសម្រាប់ថ្លៃបុណ្យសព។ លោក Nguyen Van Hien អនុប្រធានការិយាល័យប៉ូលិស ព្រហ្មទណ្ឌទីក្រុង Hai Phong បាននិយាយកាលពីឆ្នាំមុនថា ការស៊ើបអង្កេតពិសេស មួយត្រូវបានគ្រោងទុក ដោយសារតែភាពស្មុគស្មាញ នៃករណីនេះ។

លោកបន្តថា តំបន់ ដែលលោក Thanh បានបាត់ខ្លួនជាកន្លែងជីកយកថ្ម ។ ក្រោយពីធ្វើតេស្ដ DNA បញ្ជាក់ថា សពជារបស់នាង ប៉ូលិសបានបែង ចែកជនសង្ស័យជា ៤ក្រុម គឺកម្មកររ៉ែ កម្មករសំណង់ អ្នកញៀនថ្នាំ និងមនុស្សមានប្រវត្តិឧក្រិដ្ឋ ។
ដំបូងឡើយ ពួកគេបានកំណត់ អត្តសញ្ញាណជនសង្ស័យដែលមានសក្តានុពលជាច្រើន ប៉ុន្តែបន្ទាប់ពីការស៊ើបអង្កេតយ៉ាងទូលំទូលាយ ពួកគេបានបង្រួម វាមកត្រឹម ៤ នាក់ រួមទាំង Bui Trong Thanh បានក្លាយជាជនសង្ស័យសំខាន់ ។

លោក Thanh ជាក្មេងជំទង់ដែលមានបញ្ហាអតីតកាលបានសារភាពពីបទល្មើស បន្ទាប់ពីបានសាកសួរម្តងហើយម្តងទៀត។ កាលនៅវ័យជំទង់ ក្រោយពេលឪពុកម្តាយលែងលះ លោកបានធ្វេសប្រហែស នាំឲ្យលោកមានជីវភាពធូរធារ ធ្លាក់ក្នុងជំពាក់បំណុលគេ និងប្រើប្រាស់គ្រឿងញៀន។
នៅអាយុ ១៧ ឆ្នាំលោកបានសម្រេចចិត្តធ្វើចោរប្លន់យកលុយដោយផ្តោតលើ Thu Thanh សម្រាប់ការពាក់គ្រឿងអលង្ការមាសគ្រប់ពេល។ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១០ លោកបានសុំនាង យកធុងហ្គាសទៅផ្ទះម្តាយ និងឪពុកចុង ។ ពេលនោះ លោកនៅតែម្នាក់ឯង ខណៈមនុស្សពេញវ័យ ទាំង២នាក់ជាប់គុក ពីបទជីករ៉ែថ្មខុសច្បាប់ និងផលិតគ្រឿងផ្ទុះ ៕
ដោយ៖លី ភីលីព

Most Popular

To Top