ព័ត៌មានអន្តរជាតិ

រុស្ស៊ី​នឹង​ធ្វើ​ទំនើបកម្ម ​អាវុធ​នុយក្លេអ៊ែរ ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង រវាងទីក្រុងមូស្គូ និងលោកខាងលិច

RT News

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញកាលពីថ្ងៃសុក្រថា រុស្ស៊ីនឹងធ្វើឱ្យប្រសើរឡើងនូវឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលវាជាអ្នកធានាចម្បង នៃសន្តិសុខជាតិ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការអត្ថាធិប្បាយនេះកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងទីក្រុងមូស្គូ និងលោកខាងលិច ជុំវិញជម្លោះអ៊ុយក្រែន និងខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បន្តផ្តល់អាវុធដល់ទីក្រុងគៀវ ដែលអះអាងថាមិនមែនជាភាគីនៃជម្លោះ ។

លោក ពូទីន បានព្រមានថា រុស្ស៊ីនឹងប្រើប្រាស់គ្រប់មធ្យោបាយដែលមានដើម្បីការពារខ្លួន ប្រសិនបើអត្ថិភាពរបស់រដ្ឋស្ថិតក្នុងការជាប់ពាក់ព័ន្ធ។ ដោយលើកឡើងពីតម្រូវការ ក្នុងការផ្ញើសារទៅលោកខាងលិច, វិមានក្រឹមឡាំង កាលពីខែមុន បានបញ្ជាឱ្យយោធាធ្វើសមយុទ្ធ ក្នុងការដាក់ពង្រាយអាវុធ នុយក្លេអ៊ែរដែលមិនមែនជាយុទ្ធសាស្ត្រ។

លោកពូទីនបាននិយាយកាលពីថ្ងៃសុក្រ នៅឯកិច្ចប្រជុំនៃនិស្សិតបញ្ចប់ការសិក្សាពីស្ថាប័នយោធាថា “យើងមានគម្រោងអភិវឌ្ឍបន្ថែមទៀត នូវនុយក្លេអ៊ែរបីក្រុមជាការធានា នៃការទប់ស្កាត់ជាយុទ្ធសាស្រ្ត និង ដើម្បីរក្សាតុល្យភាពនៃអំណាច នៅក្នុងពិភពលោក” ។

‘នុយក្លេអ៊ែរ triad’ ឬ បីក្រុម គឺសំដៅលើការរួមបញ្ចូលគ្នា នៃមីស៊ីលផ្លោងអន្តរទ្វីបដែលមានមូលដ្ឋានលើដី កាំជ្រួចមីស៊ីលបាញ់ពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលសុទ្ធ តែអាចផ្ទុកបន្ទុកនុយក្លេអ៊ែរបាន។ ប្រព័ន្ធ​សព្វាវុធ​ទាំងនេះ​ធានា​ថា​សត្រូវ​ដ៏​មាន​សក្តានុពល​មិន​អាច​បំផ្លាញ​កម្លាំង​នុយក្លេអ៊ែរ ​របស់​ប្រទេស​មួយ​ក្នុង​ការ ​វាយ​ប្រហារ​លើក​ដំបូង​ឡើយ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top