ភ្នំពេញ៖ ណាហ្គាវើលដ៍ ជាមណ្ឌលកម្សាន្តចម្រុះប្រណីត លំដាប់ពិភពលោក ដែលមានទីតាំង ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា មានសោមនស្សរីករាយ ប្រកាសអំពីការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ៣ នៅពិធីប្រគល់ពានរង្វាន់ សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ី (AREA) ឆ្នាំ២០២៤ បានធ្វើឡើងនៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។
ណាហ្គាវើលដ៍បាន ឈ្នះពានរង្វាន់នៅក្នុងផ្នែកចំនួន ៣ គឺផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ការលើកស្ទួយសង្គម និងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន។ ពានរង្វាន់ទាំងនេះ បង្ហាញពីស្នាដៃឆ្នើមមួយទៀតរបស់ណាហ្គាវើលដ៍ដែលបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន ក្នុងការអភិវឌ្ឍ ធនធានមនុស្ស និង លើកស្ទួយសហគមន៍ តាមរយៈគំនិត ផ្តួចផ្តើមការងារ ទំនួលខុសត្រូវសង្គម បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ។
លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យ នាយកប្រតិបត្តិ ក្រុមហ៊ុនណាហ្គាវើលដ៍ បានឲ្យដឹងថា យើងមាន មោទនភាពបាន ឈ្នះពានរង្វាន់ AREA ឆ្នាំ២០២៤ ទាំង ៣ ប្រភេទនេះ។ ពានរង្វាន់ទាំងនេះគឺជាការ ទទួលស្គាល់ ការប្តេជ្ញាចិត្ត ជាបន្តបន្ទាប់របស់យើង ក្នុងការងារទំនួលខុសត្រូវសង្គម និរន្តរភាពបរិស្ថាន និងការអភិវឌ្ឍធនធានមនុស្ស។ យើងនឹងខិតខំប្រឹងប្រែងដើម្បីទទួលបានឧត្តមភាពជាបន្តទៀតក្នុងផ្នែកទាំងនេះនឹងចូលរួមធ្វើឲ្យសហគមន៍ បរិស្ថាន និងធនធានមនុស្សរបស់ យើងកាន់តែប្រសើរឡើង ដើម្បីជួយគាំទ្រដល់បេសកកម្មក សាងប្រទេសកម្ពុជា ឱ្យមានការរីកចម្រើន មួយកម្រិតថែមទៀត ។
សម្រាប់ស្នាដៃ នៃផ្នែកអភិវឌ្ឍ ធនធានមនុស្ស ណាហ្គាវើលដ៍ត្រូវ បានទទួលស្គាល់ សម្រាប់ការប្តេជ្ញាចិត្តអភិវឌ្ឍ និងភ្ជាប់ទំនាក់ទំនង ជាមួយបុគ្គលិក ។ ជាមួយចំនួនបុគ្គលិក ៦.០៣៨ នាក់មាន ៣៦ ជាតិសាសន៍ផ្សេងគ្នា ណាហ្គាវើលដ៍ បានបង្កើត គំនិតផ្តួចផ្តើមជាច្រើន ដូចជាវគ្គបណ្តុះបណ្តាល សម្រាប់ភាពជោគជ័យ និងកម្មវិធីប្រកួតប្រជែង និងកម្សាន្ត ជាច្រើន ។ កម្មវិធីប្រកួតប្រជែង និងកម្សាន្តប្រចាំឆ្នាំរបស់បុគ្គលិក មានដូចជា ការប្រកួតប្រជែងជំនាញតាមផ្នែក ទិវាកុមារណាហ្គាវើលដ៍ និងការប្រកួតបាល់ទាត់ ដែលមានការចូលរួមពីបុគ្គលិកប្រមាណ ៥០០ នាក់ដែលផ្តល់ឱកាស ឲ្យពួកគេអាចបង្ហាញទេពកោសល្យ របៀបធ្វើការជាក្រុម និងការអបអរគុណតម្លៃ រួមជាមួយគ្នា ។ ដោយប្រើវិធីសាស្ត្រ កាន់តែទូលំទូលាយ និងសកម្ម កម្មវិធីអភិវឌ្ឍ និងសកម្មភាពដែលមានការចូលរួមយ៉ាងច្រើនពីបុគ្គលិក បានធ្វើឲ្យជីវិត របស់ពួកគេនៅកន្លែងធ្វើការមានភាពប្រសើរឡើងជាលំដាប់ ។
សម្រាប់ផ្នែកលើកស្ទួយសង្គម និង ភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន ណាហ្គាវើលដ៍ បេះដូងសប្បុរស ជាផ្នែកការងារ សង្គម របស់ណាហ្គាវើលដ៍បាន និងកំពុងដឹកនាំ និងរៀបចំគំនិតផ្តួចផ្តើម ជាច្រើន ដែលមានគោលបំណង ផ្តល់លទ្ធផលវិជ្ជមាននៅ តាមសហគមន៍ក្រោមពាក្យស្លោក “យើងបម្រើកម្ពុជា” ។
ស្របតាមគោលដៅអភិវឌ្ឍ ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរស ផ្តោតទៅលើសសរស្តម្ភសំខាន់ៗចំនួន ៤ គឺការលើកកម្ពស់ការអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន ។ សសរស្តម្ភនីមួយៗ មានភាពពាក់ព័ន្ធគ្នាដែលគាំទ្រ ដល់គោលដៅទូលំទូលាយ របស់ណាហ្គាវើលដ៍ ក្នុងការលើកស្ទួយ និងអភិវឌ្ឍប្រទេសកម្ពុជា ។
ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំកម្មវិធីការងារសង្គម ៦៨៨ មានបុគ្គលិកស្ម័គ្រចិត្ត ៧.២៩១ នាក់បានចំណាយពេលវេលាផ្ទាល់ខ្លួន ៣៧.០០០ ម៉ោង និងកម្លាំងកាយចិត្តចូលរួម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានផ្តល់ប្រយោជន៍ដល់កុមារ និង ប្រជាពលរដ្ឋនៅតាមសហគមន៍ប្រមាណ ៥៥៧.៦៦៤ នាក់នៅទូទាំងប្រទេសកម្ពុជា ។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុត គឺណាហ្គាវើលដ៍បេះដូង សប្បុរស ឧបត្ថម្ភគាំទ្រ ដល់យុវជនមកពីសហគមន៍ ដែលមានប្រាក់ចំណូលទាប និង ជីវភាពខ្វះខាតនូវសម្ភារសិក្សា ដែលបានជួយដល់ សិស្សានុសិស្សជាង ២១០.០០០ នាក់នៅតាមសាលារៀន ១១៥ ទូទាំង ១២ រាជធានីខេត្ត ។
អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ កម្មវិធីឧបត្ថម្ភគាំទ្រ ទូលំទូលាយរបស់ណាហ្គាវើលដ៍ បេះដូងសប្បុរស បានកាត់បន្ថយទុក្ខលំបាក របស់ប្រជាជនប្រមាណ ១០០.០០០ នាក់ទូទាំងប្រទេសកម្ពុជាតាមរយៈការចែកស្បៀង និងគ្រឿងបរិក្ខារពេទ្យ ។ ក្នុងនាមជាក្រុមហ៊ុនដែលឧបត្ថម្ភ ដល់អត្តពលិកកម្ពុជារយៈពេលវែងជាងគេ ណាហ្គាវើលដ៍ផ្តល់រង្វាន់ ដល់អត្តពលិកមេដាយមាស នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិធំៗ និងសហការជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រសួងអប់រំ យុវជន និង កីឡាដើម្បីបណ្តុះបណ្តាល និងលើកស្ទួយកីឡាករ-កីឡាការិនី បាល់ទាត់វ័យក្មេងក្នុងខេត្តកំពង់ស្ពឺ ។
នៅក្នុងភាពជាអ្នកដឹកនាំ នៃការគាំពារបរិស្ថាន ណាហ្គាវើលដ៍បេះ ដូងសប្បុរសបានលើក កម្ពស់ការយល់ដឹង និងលើកទឹកចិត្ត ឱ្យមានការអនុវត្ត ប្រកបដោយនិរន្តរភាពតាមរយៈកម្មវិធីដាំកូនឈើ សាប៊ូនៃក្តីសង្ឃឹម ការប្រមូលសំរាម និងការគ្រប់គ្រងកាកសំណល់ ៥R ដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ៤៤.០០០ នាក់តាមរយៈសកម្មភាព ១៥០ ។ ណាហ្គាវើលដ៍បានរៀបចំ សិក្ខាសាលាស្តីពីការអនុវត្តល្អបំផុតដើម្បីកាត់បន្ថយកាកសំណល់ចំនួន ១៥ លើកដែលមានការ ចូលរួមពីបុគ្គលិក ៣៩៤ នាក់ និងសិស្សានុសិស្ស ៣៩៩ នាក់មកពីអង្គការ និង សាលារៀនចំនួន ១៩ ។
បុគ្គលិកដែលបានចូលរួម ក្នុងសិក្ខាសាលាទាំងនោះ ត្រូវបានតែងតាំងជា អ្នកអភិរក្សបរិស្ថានគំរូ ដែលបានជួយផ្សព្វផ្សាយ អំពីការគាំពារបរិស្ថាននៅតាមសាលារៀនចំនួន ៦០ នៅក្នុងខេត្តចំនួន ១២ ។ ក្នុងឆ្នាំ២០២៣ បុគ្គលិកណាហ្គាវើលដ៍ ២៦០ នាក់បានប្រមូលសំរាមបាន ២.១០០ គីឡូក្រាម ក្នុងរាជធានីភ្នំពេញ ខណៈសំណល់អាហារ ៤២៨ តោននៅអាហារដ្ឋាន បុគ្គលិកត្រូវបានប្រែក្លាយទៅជាចំណីសត្វរុយ Black Soldier Fly (BFG) ដើម្បីធ្វើជាចំណីសត្វ និងសម្អាតបរិស្ថាន។ គំនិតផ្តួចផ្តើមចិញ្ចឹមសត្វរុយ BFG ជួយកាត់បន្ថយកាកសំណល់សេរីរាង្គ និងផលិតជាចំណី សម្រាប់ចិញ្ចឹមសត្វពាហនៈ និងត្រីដែលចូលរួមដល់ការគ្រប់គ្រង ធនធានប្រកបដោយនិរន្តរភាព។
គួររំឭកថា ណាហ្គាវើលដ៍ បានទទួលពានរង្វាន់ AREA ទាំង ៣ នេះបន្ទាប់ពីទទួល បានពានរង្វាន់ប្លាទីនីម “ឆ្នើមប្រចាំប្រទេស កម្ពុជា ” (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារ ១ ប៊ីលានដុល្លារអាម៉េរិក និងច្រើនជាងនេះ) សម្រាប់ឆ្នាំទី៤ ជាប់ៗគ្នា នៅឯសន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារ សង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចប្រចាំឆ្នាំលើកទី១៦ ។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់ AREA របស់សហគ្រាស ទ្វីបអាស៊ី (Enterprise Asia) គឺជាពានរង្វាន់ស្តង់ដារកំពូល ដែលទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះការអនុវត្តកិច្ចការបរិស្ថាន សង្គម និងអភិបាលកិច្ចប្រកបដោយនិរន្តរភាព របស់សហគ្រាស នៅទូទាំងទ្វីបអាស៊ី ។ ក្នុងឆ្នាំនេះ មានការដាក់ស្នើជាង ៣០០ នៅទូទាំង ១៩ ប្រទេសដែល បានឆ្លងកាត់ដំណើរ ការវិនិច្ឆ័យយ៉ាងហ្មត់ចត់រយៈពេល ៥ ខែដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ គឺ ប្រសិទ្ធភាព និងលទ្ធភាព ភាពពាក់ព័ន្ធ និងនិរន្តរភាព ៕