បរទេស៖ ប៉ូលិសឥណ្ឌា បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា ពួកគេបានចាប់ខ្លួនមនុស្ស៦នាក់ ពាក់ព័ន្ធនឹងការរត់ជាន់គ្នា នៅក្នុងព្រឹត្តិការណ៍សាសនាហិណ្ឌូ នៅភាគខាងជើងរដ្ឋ Uttar Pradesh ដែលបណ្តាលឱ្យមនុស្ស ១២១ នាក់បានស្លាប់។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការរត់ជាន់គ្នាបណ្តាល ឲ្យមនុស្សស្លាប់ជាច្រើននាក់នេះ បានកើតឡើងកាលពីថ្ងៃអង្គារនៅក្នុងភូមិ Phulrai Mughal Garhi ស្រុក Hathras ជាកន្លែងដែលមនុស្សប្រហែល ២៥០.០០០នាក់បានប្រមូលផ្តុំគ្នាដើម្បីស្តាប់ធម៌ទេសនា Suraj Pal Singh ដែលត្រូវបានគេស្គាល់ផងដែរថាជា “Bhole Baba” ។
របាយការណ៍ដំបូង របស់ប៉ូលីសបាននិយាយថា អ្នករៀបចំព្រឹត្តិការណ៍នេះបានទទួលការអនុញ្ញាតសម្រាប់ការប្រមូលផ្តុំមនុស្សត្រឹមតែ ៨០.០០០នាក់ ប៉ុណ្ណោះ ។ Baba បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ការរត់ជាន់គ្នាគឺបណ្តាលមកពី “កត្តាប្រឆាំងនឹងសង្គម” ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ ។
ប៉ូលីសបាននិយាយថា បុរសបួននាក់ និងស្ត្រីពីរនាក់ ដែលត្រូវបានចាប់ខ្លួនគឺជាជំនួយការរបស់ Baba ហើយបានចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ ដែលឈានដល់ការរត់ជាន់គ្នានេះ ៕
ប្រែសម្រួលៈ ណៃ តុលា