ជារឿងមួយគួរឱ្យភ្ញាក់ផ្អើល នៅពេលដែលគេឮថា បុរសខ្លាំងរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និយាយភាសាអង់គ្លេស ស្របពេលដែលទំនាក់ទំនងរុស្ស៊ី និងលោកខាងលិចមានភាពរកាំរកូសសឹងតែរកផ្លូវដោះស្រាយមិនចេញ។ យ៉ាងណាមិញ កាលពីឆ្នាំ២០១០ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានច្រៀងចម្រៀងមួយជាភាសាអង់គ្លេស ដែលមានចំណងជើងថា «Blueberry Hill»។
បើតាមសារព័ត៌មាន BBC លោកបានច្រៀងនៅក្នុងកម្មវិធីប្រគំតន្រ្តីសប្បុរសធម៌មួយសម្រាប់កុមារ នៅខែធ្នូ ឆ្នាំ២០១០។ នៅពេលនោះ មុននឹងច្រៀង លោកបានលេងព្យាណូ ហើយបន្តមកក៏បានបញ្ចេញសំនៀងជាភាសាអង់គ្លេស អមនឹងតន្ត្រីចេហ្ស (Jazz) លេងដោយក្រុមតន្ត្រីអាមេរិកាំង Maceo Parker។
ក្រោយពីច្រៀងបទជា ភាសាអង់គ្លេសនេះហើយ លោកក៏បានច្រៀងបទរុស្ស៊ីមួយ ដែលមានចំណងជើងថា «Grass by the Home»។
នៅកម្មវិធីប្រគំតន្ត្រីនោះដែរ ក៏មានការចូលរួមពីសំណាក់តារាសម្ដែងអាមេរិកាំងហូលីវូដជាច្រើនរូប ដោយក្នុងនោះរួមមាន តារាជើងចាស់ឈ្នះពានអូស្កា ២ដង លោក Kevin Costner៕